Register Already an agent ? Login

កម្ពុជា-វៀតណាម ឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីហាណូយ មកខេត្តសៀមរាប

វៀតណាម៖ កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប​​​។

កិច្ចព្រមព្រៀងហោះហើរត្រង់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។

តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម ។ល។

គួរបញ្ជាក់ថា ​សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញ “ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣”​ ។ ប្រទេសវៀតណាម ជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើ​ដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការ។

តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង។ បើការបញ្ជាក់ លោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម។

នាជំនួបជាមួយ សម្តេចធិបតី ថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីវៀតណាម បាននបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្ត្រី នោះនាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណ លោក នាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវៀតណាម នាឱកាសនេះ។

ក្នុងបរិយាកាសនោះ សមភាគីទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើការពិភាក្សា និងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក។

ព្រមជាមួយ ភាគីទាំងពីរនឹងការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជនទាំងពីរ ជាពិសេសវិស័យនយោបាយ, ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, សុខាភិបាល, អប់រំ, ការតភ្ជាប់, ការពារជាតិ, សន្តិសុខ, ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។

រយៈពេល២ថ្ងៃ ដំណើរទស្សនកិច្ច ថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៣ នៃការអញ្ជើញមកប្រទេសវៀតណាម សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការចំនួន៣ រួមមាន៖

១- អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម

២- អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម

៣- អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)