ភ្នំពេញ៖ លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសរសើរនិងអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនគោលដៅ១.៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាជាមួយ លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
នាជំនួបនេះ លោក Anthony Gill អបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ គោលដៅ ១.៥លាននាក់។
នាឱកាសនោះ លោក ហេង សួរ បានថ្លែងអំណរគុណដល់ ADB ដែលបានអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១(C1)ដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ។
បន្ថែមពីនេះ លោក រដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកិច្ចការងារជាច្រើនដែលក្រសួងបានធ្វើរួចមកហើយដើម្បីធានាថា យុវជនដែលជាសិក្ខាកាមមានជំនាញជាក់លាក់ ប្រសិទ្ធភាព និងឱកាសចុះកម្មសិក្សាដែលជាការហាត់ការជាក់ស្តែងនៅតាមរោងចក្រសហគ្រាស។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេល៤ខែ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន ២៨ម៉ឺនរៀល។
យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើនលើការបណ្តុះបណ្តាលជំនាញជាមួយក្រសួង ដោយរំពឹងថា ធនាគាអភិវឌ្ឍន៍អាស៊ីនឹងបន្តគាំទ្រជួយលើគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)