ភ្នំពេញ៖ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២១ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារ បង្កើតការងារបានប្រមាណជិត ២២ពាន់កន្លែង។ សេចក្តីប្រកាសព័ត៌មាន CDC ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
ប្រភពទុនវិនុយោគដែលមានទឹកប្រាក់ជិត ៦១៩លានដុល្លារ វិនិយោគិនកម្ពុជា បានកាន់កាប់ ៨៣% ខណៈ វិនិយោគិនចិន មានចំនួន ១៧% ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានអនុម័ត។ បើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន CDC បានបន្តថា គម្រោងវិនិយោគតាមវិស័យរួមមាន ឧស្សាហកម្ម ៩០% និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១០%។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖
១-គម្រោងសាង សង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។
២-គម្រោង វិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុក រំដួល ខេត្តស្វាយរៀង
និង ៣-គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២,៩០% នៃទុន វិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)