Register Already an agent ? Login

ក្រុមហ៊ុនធំចិន គ្រោងវិនិយោគប្រព្រឹត្តកម្មទឹកស្អាតនិងទឹកកខ្វក់ ខេត្ត៦នៅកម្ពុជា ខណៈកំពុងសិក្សានៅតំបន់ទន្លេមេគង្គ

ភ្នំពេញ៖ ក្រុមហ៊ុនធំ របស់ចិនឈ្មោះ Beijing Urban Construction Group Co., LTD (BUCG) មានគម្រោងវិនិយោគ ផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ។ ខណៈ កំពុងសិក្សាលទ្ធភាពក្នុងការសាងសង់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន BUCG និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

នៅក្នុងជំនួប លោក លី ដៅសុង បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ។

លោក បានបន្តថា លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត នៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះ បណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត។

លោក ប្រធានក្រុមហ៊ុន BUCG ក៏បានបញ្ជាក់ជូន សម្តេច នាយករដ្ឋមន្ត្រីថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន BUCG ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះស្របពេលដែលឆ្នាំ២០២៣ ជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងត្រូវបានកំណត់ជាឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន BUCG នៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាព សាធារណៈ តាមរយៈគម្រោងវិនិយោគជាច្រើនក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត។

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ដូចជាការចូលរួមសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន។

សម្តេចធិបតី បានគាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្ម ទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)