ភ្នំពេញ៖ ការអនុវត្តការប្រមូលពន្ធអាករគ្រប់ប្រភេទ តែងតែមានការអនុគ្រោះ និង/ឬលើកលែងពន្ធ ដើម្បីជាការលើកទឹកចិត្ត និងបញ្ចៀសបានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងកម្មវិធី “ពន្ធដារកម្ពុជា" ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ង៉ែត លាភ អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ ដែលជាវាគ្មិនក្នុងកម្មវិធីបានលើកឡើងថា ក្នុងការអនុវត្តការប្រមូលពន្ធអាករគ្រប់ប្រភេទ តែងតែមានការអនុគ្រោះ និង/ឬលើកលែងពន្ធ ដើម្បីជាការលើកទឹកចិត្តនិងបញ្ចៀសបានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ង៉ែត លាភ បានលើកឡើងគូសបញ្ជាក់ថា ចំពោះ ពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ ក៏មានការលើកលែង និងការអនុគ្រោះពន្ធផងដែរ ដែលការលើកលែងនិងការអនុគ្រោះពន្ធទាំងនេះរួមមាន៖
ករណីលើកលែងពន្ធ
ក. ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រសង់លំនៅដ្ឋាន ឬ/និងធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្មលក្ខណៈគ្រួសារ។
ខ . ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរង្វង់ញាតិ៖
១. ការធ្វើសន្តតិកម្មៈ រវាងឪពុក-ម្ដាយបង្កើត និងកូនបង្កើត, រវាងប្តី-ប្រពន្ធ, រវាងយាយ-តាបង្កើត និងចៅបង្កើត,
ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)។
២. ការធ្វើប្រទានកម្មលើកទី១: រវាងឪពុក-ម្ដាយបង្កើត និងកូនបង្កើត, រវាងប្តី-ប្រពន្ធ, រវាងយាយ-តាបង្កើត និងចៅបង្កើត, ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិ ពាហ៍), ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)។
គ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ។
ឃ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
ករណីការអនុគ្រោះពន្ធ៖
+អនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ២០០លានរៀល ចំពោះសន្តតិកម្ម និង ១០០លានរៀល ចំពោះប្រទានកម្ម សម្រាប់ការផ្ទេរ៖
-រវាងឪពុក-ម្តាយក្មេក និងកូនប្រសារ
-រវាងបងប្អូនបង្កើត និងបងប្អូនបង្កើត
+អនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ១០០លានរៀល ចំពោះការធ្វើប្រទានកម្មទ្រព្យដដែលចាប់ពីលើកទី២ តទៅ សម្រាប់ការផ្ទេរ៖
-រវាងឪពុក-ម្ដាយបង្កើត និងកូនបង្កើត
-រវាងប្តី-ប្រពន្ធ
-រវាងយាយ-តាបង្កើត និងចៅបង្កើត
-ពីឪពុក-ម្ដាយទៅឱ្យកូនបង្កើត និងកូនប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
-ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)