Register Already an agent ? Login

កម្ពុជា រកប្រាក់បានជិត ៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង ៧,៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ កម្ពុជា រកចំណូលបានប្រមាណ ៣៩០០លានដុល្លារ ពីការនាំចេញកសិផលទៅក្រៅប្រទេស ពោលគឺចាប់ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងបរិមាណសរុបជាង ៧លានតោន ក្នុងនោះមាន ស្រូវចំនួន ២លានតោន អង្ករចំនួន ៥៩ម៉ឺនតោន និងកសិផលក្រៅ ពីស្រូវ-អង្ករជាង ៤លានតោនផងដែរ។ របាយការណ៍នៃ​អគ្គនាយក​ដ្ឋា​ន​កសិកម្ម​ បានបញ្ជាក់ថា នាំទៅ​ទិសដៅ ៧៥​ប្រទេស ​ធ្លាក់ចុះ​ចំនួន ៤,៦%​ បើ​ធៀប​នឹងគ្រា​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។​

​ថ្វី​ដ្បិត​ ការ​នាំចេញ​កសិផល​ក្នុង​រយៈពេល ១១​ខែ​ ឆ្នាំ២០២៣ នៅតែមាន​បរិមាណ​តិចជាង​រយៈពេល ១១​ខែ ឆ្នាំ​២០២២ ប៉ុន្តែ​ការនាំចេញ​មាន​និន្នាការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ ជាក់ស្តែង ​ការនាំចេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២៣ មាន​បរិមាណ ១ ០៣៧ ៥៥២,៣៨​តោន កើនឡើង ៣៤៦ ២៤១,០៣​តោន បើ​ធៀប​នឹង​ខែតុលា ឆ្នាំ​២០២៣ ដែលមាន​បរិមាណ ៦៩១ ៣១១,៣៥​តោន​។​ នេះបើតាមការបន្តនៅក្នុងរបាយការណ៍ខាងលើ។

ទោះជាយ៉ាងណា ជុំវិញនឹងការធ្លាក់ចុះនូវការនាំចេញនេះ ក្រសួងកសិកម្ម បានអះអាងថា បណ្តាលមកពីជម្លោះរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកល ដែលបានចុះខ្សោយរួចទៅហើយ នោះ រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានជះឥទ្ធិពល យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក។ ជាពិសេស បណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជា ប្រទេសកម្ពុជាជាដើម។

ក្រសួងកសិកម្ម បានបន្តទៀតថា ក្នុងនោះ ទីផ្សារស្រូវក្នុងប្រទេសកម្ពុជា នៅតែមានតម្លៃខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីន កិនស្រូវមួយចំនួនធំ ប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុក សម្រាប់កិនអង្ករនាំចេញ។ ប៉ុន្តែ យើងសង្កេតឃើញថា ការនាំចេញស្រូវដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅ ប្រទេសវៀតណាម នៅតែមានជាហូរហែ។

លោក សុខ យ៉​ន អនុប្រធាន​សមាគម​សុ​វត្ថិ​ភាព បន្លែ ត្រី សាច់ ដែលភ្នំពេញ​ប៉ុស្តិ៍ បានស្រង់សំដីលើកឡើងថា ដើម្បី​លើកកម្ពស់​សមត្ថភាព​នាំចេញ​កសិផល គឺ​កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើ​យ៉ាង​ណា​លើកកម្ពស់​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​ឱ្យបាន​ខ្លាំង ខណៈ​ បច្ចុប្បន្ន​ដោយ​​សារ​ផលិតផល​កសិកម្ម​(​បន្លែ​)​កម្ពុជា​មានតម្លៃ​ខ្ពស់ បាន​បណ្តាលឱ្យ​មានការ​នាំចូល​ពី​ប្រទេសជិតខាង​ជា​ហូរហែ​។

​ការគាំទ្រ​ផលិតផល​ក្នុងស្រុក នឹង​ជួយ​ឱ្យ​ការ​បង្កបង្កើនផល​កាន់តែច្រើន ហើយ​ការនាំចេញ​ក៏​នឹង​កើនឡើង​ទៅតាម​នោះដែ។ ជាការនញ្ជាក់ លោក សុខ យ៉​ន បន្ថែមថា ការត្រួតពិនិត្យ​គុណភាព​ផលិតផល​នាំចូល​ឱ្យបាន​ច្បាស់ និង​ការលើកទឹកចិត្ត​ប្រជាកសិករ នឹង​ជួយ​ធ្វើឱ្យ​ការដាំដុះ​ផលិតផល​កសិកម្ម​នៅ​កម្ពុ​ជាមាន​កាន់តែច្រើន ហើយ​នៅពេលនេះ​សមត្ថភាព​នាំចេញ​ក៏​នឹង​កើនឡើង​ដែរ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)