ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៦ ជាសមាជិកនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន មានបំណងវិនិយោគ លើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណ នៅកម្ពុជា។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន នាទីស្ដីការ CDC នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាន់ព័ន្ធ ក្រុមហ៊ុន Union Development Group និងក្រុមហ៊ុនចំនួន៦ ដែលជាសមាជិកនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ដែលមានបំណងវិនិយោគនៅកម្ពុជា ផងដែរ។
បើតាម CDC បានបញ្ជាក់ថា អង្គប្រជុំនេះត្រូវបានរៀបចំឡើងតបតាមសំណើសុំរបស់ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ក្នុងការស្វែងយល់អំពីគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។ ក្នុងនោះ ភាគីទាំង ពីរបានជជែកពិភាក្សាលើគម្រោងវិនិយោគលើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជា ឱសថបុរាណជាដើម។
ក្នុងកិច្ចប្រជុំ លោក ស៊ុន ចាន់ថុល បានស្នើសុំឱ្យបណ្ដាក្រុមហ៊ុនទាំងអស់ដែលមានបំណងវិនិយោគលើ វិស័យនានានៅកម្ពុជា សូមរៀបចំដាក់ពាក់ស្នើសុំគម្រោងវិនិយោគដោយភ្ជាប់មកជាមួយការសិក្សាលម្អិតរបស់ខ្លួនមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យអនុវត្តនីតិវិធីបន្ត។
នាឱកាសនេះ អនុប្រធានទី១ CDC ក៏បានជម្រាបជូនអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជួយសម្រប សម្រួលសំណើសុំគម្រោងវិនិយោគនានា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជូនដល់បណ្ដាក្រុមហ៊ុននានា សំដៅធ្វើយ៉ាងណាលើកទឹកចិត្តវិនិយោគិនបង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
គូសបគញ្ជាក់ថា ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន (CCPIT Jilin Provincial Committee) បង្កើតឡើងក្នុងឆ្នាំ១៩៧៩ គឺជាអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេស ដែលមានការចូលរួមពីតំណាងអាជីវកម្ម ក្រុមហ៊ុនសមាគម និងស្ថាប័ននានា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)