ភ្នំពេញ៖ ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកាប្រមាណ ១.៣៥៥លានដុល្លារ ក្នុងឆ្នាំ២០២១, ក្នុងឆ្នាំ២០២២ ៦០១លានដុល្លារ និងគិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រមាណជាង ១.២០០លានដុល្លារ។ បើតាមការបញ្ជាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការប្រើប្រាស់ថវិកាទាំងនេះ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុង ការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ជាពិសេសលើ កម្មវិធីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។
ជាមួយគ្នានេះ ក៏មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ, ការរៀបចំវគ្គបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ, កម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរង ហានិភ័យដែលទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និងក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើម។ បើតាមការបន្តទៀត សម្ដេចធិបតី នាយករដ្ឋមន្រ្តី។
លើសពីនេះ សម្តេចធិបតី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ គោលការណ៍ណែនាំស្តីពី ក្របខ័ណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដើម្បីត្រៀមរួចជាស្រេចក្នុងការធ្វើ អន្តរាគមន៍គាំពារសង្គម បន្ថែមលើផែនការ គ្រប់គ្រងគ្រោះមហន្តរាយដែលមានស្រាប់។ ការណ៍នេះ នឹងផ្តល់កិច្ចគាំទ្រដល់គ្រួសារទាំងនោះនូវមធ្យោបាយនិងលទ្ធភាព ដើម្បីដោះស្រាយបញ្ហាជីវភាព និងការស្ដារជីវភាពឡើងវិញប្រកបដោយប្រសិទ្ធភាពទាំងក្នុងអំឡុងពេល និងក្រោយពេលគ្រោះអាសន្ន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តោតលើមនុស្សជាចម្បង ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ ជាក់ស្តែង ការដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ» គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរង គ្រោះ ដោយក្នុងនេះមានកម្មវិធីជាតិជំនួយសង្គមចំនួន ៤ រួមមាន៖
១-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, ២-កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និង មធ្យមសិក្សាចំណេះទូទៅ, ៣-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង ៤-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។
បន្ថែមលើនេះ កញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគ អេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហានិភ័យ និងភាពងាយរងគ្រោះ នានា។ កម្មវិធីជំនួយសង្គមនេះ នឹងចាប់អនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ បន្ទាប់ពី «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវបិទបញ្ចប់។ ជាការបន្ថែម សម្ដេចធិបតី។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជួយតិច ឬច្រើន គឺរាជរដ្ឋាភិបាលត្រូវតែជួយតាមលទ្ធភាពរបស់ រាជរដ្ឋាភិបាល មិនទុកប្រជាពលរដ្ឋចោលនោះឡើយ។ សម្តេចធិបតី បន្តថា ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺរាជរដ្ឋាភិបាលនៅតែផ្តោតលើការអភិវឌ្ឍធនធានមនុស្សជាចម្បង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍រម្លឹកថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ។ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ១៩ និងបញ្ហាអតិផរណាប្រមាណ ១,៣៥៥លានដុល្លារ នៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)