ភ្នំពេញ៖ រាជរដ្ឋាភិបាល បានគ្រោងកញ្ចប់ថវិកា ក្នុងឆ្នាំ២០២៤ ប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារ សម្រាប់កម្មវិធីជាតិ «ក្របខណ្ឌកិច្ចគាំពារសង្គមក្នុងកញ្ចប់គ្រួសារ» នឹងផ្តល់ប្រយោជន៍ដល់គ្រួសារ មានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់។
កម្មវិធីជាតិ ក្របខណ្ឌកិច្ចគាំពារសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដោយសំយោគកម្មវិធីដែល មានស្រាប់ រួមផ្សំនឹងកម្មវិធីថ្មីបន្ថែម ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍បរិយាបន្ន និងសមធម៌។ បើតាមការថ្លែង សម្ដេចធិបតី នាយករដ្ឋមន្រ្តី។
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយគ្នានេះ ព្រមទាំងការចៀសវាងបាននូវការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណូលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ ក៏ដូចជាគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ និងជំងឺអេដស៍។
ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ឈរលើស្មារតី "មិនបោះបង់ចោលពលរដ្ឋខ្មែរណាម្នាក់" ការពង្រឹងប្រព័ន្ធគាំពារសង្គម គឺជាកិច្ចការអាទិភាពទី៤ នៅក្នុងបញ្ចកោណទី១ នៃយុទ្ធបញ្ចកោណ-ដំណាក់កាលទី១ ស្តីពី ការអភិវឌ្ឍមូលធនមនុស្ស ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
សម្ដេចធិបតី បានបន្ថែមថា លើសពីនេះ អភិក្រមចំនួន៤ ដែលរដ្ឋាភិបាល នីតិកាលទី៧ ត្រូវអនុវត្តផងដែរ មានដូចជា៖ ទី១-ចីរភាពនៃកម្មវិធី, ទី២-លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ, ទី៣-ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ, និងទី៤- ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍប្រព័ន្ធ។
កម្មវិធីជាតិ ជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ គោលដៅចំនួន ៤រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រ ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ,កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជន ចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ បើតាមការបន្ថែមទៀត សម្ដេចធិបតី។
ប្រមុខរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងក្លាយជាទម្រនៅពេលកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩បានបញ្ចប់ ដោយចាកចេញបន្តិចម្តងៗ រយៈពេល ៣ខែ ចាប់ពីខែមករា ឆ្នាំ២០២៤, ការអនុវត្តផ្លូវការនូវក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ។
សូមរំលឹកថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ១.៣៥៥លានដុល្លារ ក្នុងឆ្នាំ២០២១, ៦០១លានដុល្លារ ក្នុងឆ្នាំ២០២២ និងគិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រមាណជាង ១.២០០លានដុល្លារ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)