Register Already an agent ? Login

ក្រុមហ៊ុនចិន គ្រោងសាងសង់រោងចក្រផលិតឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើប ផ្គត់ផ្គង់ទីផ្សានៅកម្ពុជានិងក្នុងតំបន់

ភ្នំពេញ៖ ក្រុមហ៊ុនចិន ឈ្មោះថា Guangzhou Youdi Bio-technology Co., Ltd. បានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា មានគម្រោងបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ផ្គត់ផ្គង់ទីផ្សានៅ កម្ពុជានិងក្នុងតំបន់។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. នៅទីស្ដីការ CDC នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារ ប្រទេសកម្ពុជា និងនៅក្នុងតំបន់។

បន្ថែមក្នុងកិច្ចប្រជុំ ក្រុមហ៊ុន ក៏បានបង្ហាញគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជ សាស្រ្ត ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិកជាដើម។

គួររម្លឹកផងដែរថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែល លោក ស៊ុន ចាន់ថុល បានធ្វើទស្សនកិច្ចក្នុងកំឡុងដំណើរទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។

គូសបញ្ជាក់ថា ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជាសហ គ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។

ក្រុមហ៊ុននេះ រួមបញ្ចូលការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែកចាយ សេវាកម្មស្រាវជ្រាវរកបច្ចេកវិទ្យា វិទ្យាសាស្ត្រដែលទាក់ទងនឹងថ្នាំ និងឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)