សៀមរាប៖ អ្នកចូលរួម ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣នេះ មាន៧៨ប្រទេស បានចូលរួម ក្នុងនេះ អង់គ្លេស-អាមេរិក-បារាំង មានច្រើនជាងគេដែលបានរត់ប្រណាំង ដោយសរុបខ្មែរនិងបរទេស ១០ពាន់១៥៤នាក់ នៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ បើតាមរដ្ឋបាលខេត្តសៀមរាប។
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១០ពាន់១៥៤នាក់ ក្នុងនោះ អត្តពលិកខ្មែរចំនួន ៦ពាន់៥០០នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣ពាន់៦៥៤នាក់ មកពី ៧៨ប្រទេស ដោយមានការកើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២២ ដែលប្រទេសចូលរួមច្រើនជាងគេ គឺអង់គ្លេស សហរដ្ឋអាមេរិក និង បារាំង។ បើតាមការលើកឡើរបស់ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។
បើតាមអតីតរដ្ឋមន្តីក្រសួងទេសចរណ៍រូបនេះ បានបន្តថា សូមអត្តពលិកជាតិ និងអន្តរជាតិបន្តគាំទ្រ និងចូលរួមទិវារត់ ប្រណាំងបន្តទៀត ដើម្បីមនុស្សធម៌ និងរត់ដើម្បីជនរងគ្រោះដោយសារមីននៅកម្ពុជាផង និងជាកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នាឱ្យកាន់មានភាពស្អិតរមួតល្អប្រសើរថែមទៀត។
សកម្មភាពទាំងនេះ គឺជាគោលបំណងនៃការរៀបចំរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរដែលត្រូវបានធ្វើឡើង ជារៀងរាល់ខែធ្នូនៃឆ្នាំនីមួយៗ និយាយជារួមគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើម្បីបំផុសសកម្មភាពកីឡា បង្កើន សាមគ្គីភាព សុខភាពទាំងប្រជាពលរដ្ឋសាមញ្ញក៏ដូចជា អត្តពលិកអាជីពជាដើម។ បើតាមការបន្ត លោក ថោង ខុន។
លោក បានបន្តទៀតថា នៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ការវិលត្រឡប់មកកាន់ទឹកដីអង្គរដ៏បវរនា ពេលនេះ យើងទាំងគ្នាបានចូលរួមអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និង ខួបលើកទី២៨ នៃកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអង្គការបេះដូងមាស ដែលមានមនុស្សចូល រួមប្រមាណជាង ១ម៉ឺននាក់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣៕
ដោយ៖ មឿន ឌីណា (Moeun Dyna)