ភ្នំពេញ៖ ក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd. បានមកទស្សនកិច្ចកម្ពុជា ការស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃ នាំចេញទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗទៀត។
លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd. ដឹកនាំដោយលោកស្រី Luo Lihua លេខាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក យុន ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ក្រុមហ៊ុន ដែលបានអញ្ជើញមកកម្ពុជា នាពេលនេះដើម្បី សិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
នាឱកាសនោះ លោក ក៏បានលើកឡើងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពបើកចំហរ មានតម្លាភាព និងអាចប៉ាន់ប្រមាណជាមុនបាន ដើម្បីទាក់ទាញនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសនៅកម្ពុជា។
ក្នុងជំនួបនោះ លោកស្រី Luo Lihua បានមានប្រសាសន៍បញ្ជាក់ថា មុខសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុន Hainan Taste King Investment Group Holdings Co., Ltd. គឺការដាំស្លា កែច្នៃ និងលក់។
ក្រុមហ៊ុន មានបំណងពិភាក្សាពីកិច្ចសហការ និងវិនិយោគលើដំណាំស្លា និងគម្រោងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម ជាពិសេស ការស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃ។ បើតាមការលើកឡើងបន្តរបស់ លោកស្រី Luo Lihua។
នាឱកាសនោះ លោកស្រី បានគូសបញ្ជាក់ថា ជាមួយគ្នានេះដែរ ក្រុមហ៊ុនមានបំណងនាំចេញផ្លែស្លាដែលដាំនៅប្រទេសកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗទៀត។
ក្នុងបរិយាកាសនោះ លោក យុន ហេង បានជម្រាបជូនថា គម្រោងដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃជាគម្រោង ដែលបានទទួលបានការលើកទឹកចិត្តអតិបរមា។ លោក បានស្នើឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សាជាមួយ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដើម្បីរកដៃគូវិនិយោគគម្រោងនេះ។
លោក បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំទទួលស្វាគមន៍ និងផ្តល់កិច្ចសម្រួលសព្វបែបយ៉ាងលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)