Register Already an agent ? Login

វឌ្ឍនភាព គម្រោងពង្រីក-លើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ខេត្តកំពត-ព្រំដែនវៀតណាម សម្រេចបានជិត៣៦%

កំពត៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប និងព្រមទាំងតភ្ជាប់រហូតទៅដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៣ សម្រេចបាន ៣៥.៩៩%។ បើតាម កិច្ចប្រជុំស្តីពីការតាមដាន និងត្រួតពិនិត្យលើវឌ្ឍនភាពការងារគម្រោងនេះ ដឹកនាំដោយ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង។

បើតាមកិច្ចប្រជុំខាងលើកាលដែលធ្វើឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាព ពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។

លោក ប៉ាល់ ចន្ទតារា ប្រធានគ្រប់គ្រងសម្របសម្រួលគម្រោងនេះ បានប្រាប់ទៅក្រុមហ៊ុនសាងសង់ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព ហើយត្រូវរួចរាល់ទៅតាមផែនការគ្រោងទុក។ លោក បានគូសបញ្ជាក់ថា ដើម្បីធានាបានគុណភាពតាមស្តង់ដារបច្ចេកទេស ត្រូវបន្ថែមការយកចិត្តទុកដាក់ស្រោចទឹក លុបជង្ហុក រក្សាសុវត្ថិភាពនៅតាមការដ្ឋាន ជួយសម្រួលដល់ការធ្វើដំណើរ។

នាឱកាសនោះ លោក ក៏បានណែនាំដល់ក្រុមហ៊ុន ដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ចៀសចរាចរណ៍  និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសទីតាំងក្នុងក្រុងកែប និងទីតាំងសម្រាប់ពិធីបុណ្យសមុទ្រនាពេលខាងមុខ។

សូមរម្លឹកថា ផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប និងព្រមទាំងតភ្ជាប់រហូតទៅដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ប្រវែង ៥២,៥៧គីឡូម៉ែត្រ បើកការដ្ឋានសាងសង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ គ្រោងបញ្ចប់ការសាងសង់ឆ្នាំ២០២៦ រយៈពេល ៤០ខែ គ្រោងចំណាយប្រមាណ ៦១លានដុល្លារ។

គូសបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ផ្លូវជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលនឹងប្រែក្លាយតំបន់ឆ្នេរ ឱ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរនិងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកនៅក្នុងការជំរុញ ការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

សមិទ្ធផលនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ ជាពិសេសការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។

បើតាមរាជរដ្ឋាភិបាល ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលនៅតែជាអាទិភាព និងជាតម្រូវការចាំបាច់។ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាននៅកម្ពុជា គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង ៤ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង និងទឹក ដែលបានកំណត់នៅក្នុងយុទ្ធសាស្តចតុកោណ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងកៀរគរប្រភពថវិកាក្រោមហិរញ្ញប្បទានសម្បទា និងជំនួយឥតសំណងពីបណ្ដាប្រទេសជា មិត្តនិងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះចិន គឺជាប្រទេសលំដាប់ទី១ ដែលបានផ្ដល់ប្រាក់កម្ចីសម្បទាន និងជំនួយជាច្រើន សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)