Register Already an agent ? Login

CDC បានអនុម័តគម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីពន្លឺព្រះអាទិត្យ ៦០មេហ្កាវ៉ាត់ តម្លៃជិត៦០លានដុល្លារ នៅខេត្តស្វាយរៀង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន SCHNEITEC VIBRANT CO., LTD លើគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ មានអានុភាព ៦០មេហ្កាវ៉ាត់ ទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារ ទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមការសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនមែនតែក្រុមហ៊ុនខាលើទេ ដែល CDC បានអម័តឱ្យដំណើរគឺមាន ក្រុមហ៊ុនចំនួន៥ ផ្សេងទៀតផងដែររួមមាន៖

១.ក្រុមហ៊ុន “XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD” គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ១៣,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤.៣៧០កន្លែង។

២.ក្រុមហ៊ុន “NEW HUICHEN (CAMBODIA) TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៤៩៩ ផ្លូវលេខ១២៦ ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៨៩៦កន្លែង។

៣.ក្រុមហ៊ុន “SIN-TIANCHENG WADDING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ២៣៨កន្លែង។

៤.ក្រុមហ៊ុន “XING KUN DA LEATHER INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ១.៧៩០កន្លែង។

៥.ក្រុមហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ៦៩ ផ្លូវជាតិលេខ២ ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៧កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)