កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រ ផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ខណៈ បច្ចុប្បន្ន កម្ពុជាមានប្រភព អគ្គិសនីកកើតឡើងវិញប្រមាណ ៦២% ដោយតាំងចិត្តសម្រេចឱ្យបាន ៧០% នៅឆ្នាំ២០៣០។
ការប្រកាសបញ្ឈប់ គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មនេះ នាឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីក្នុង ពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ដោយឱ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន ដែលបំភាយឧស្ម័នកាបូនតិចតួចវិញ។
កម្ពុជា សិក្សាអភិវឌ្ឍប្រព័ន្ធស្តុកថាមពលទុក ដើម្បីមានលទ្ធភាពបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដែលប្រែប្រួល និងឡើងចុះលឿនមិនទៀងទាត់ទៅតាមកត្តាធម្មជាតិ។ បើតាមការបន្ត សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាកថា ការអភិវឌ្ឍន៍ប្រព័ន្ធនេះ ក៏ដើម្បីជំរុញការធ្វើអព្យាក្រឹតភាពកាបូនក្នុងវិស័យថាមពល។
លើលពីនេះ សម្តេចធិបតី ក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាលចូលរួមសហការ និងសម្របសម្រួ លជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅវិស័យថាមពល ដោយប្រើ ប្រាស់ថាមពល ស្អាតឱ្យបាន ៧០% យ៉ាងតិចនៅឆ្នាំ២០៣០ ដើម្បីឱ្យក្លាយទៅជាប្រទេសគោលដៅថាមពលស្អាត (Clean Energy Destination) សម្រាប់ការអភិវឌ្ឍ។
កម្ពុជាមានមោទនភាព បច្ចុប្បន្ន មានប្រភពអគ្គិសនីកកើតឡើងវិញប្រមាណ ៦២% ហើយតាំងចិត្តសម្រេចឱ្យបាន ៧០% នៅឆ្នាំ២០៣០ ខណៈប្រទេសក្នុងតំបន់មួយចំនួនប្រភពអគ្គិសនីកកើតឡើងវិញតិចតួចនៅឡើយ។ ជាការបន្ថែម សម្ដេចធិបតី។
សម្ដេចធិបតី បានថ្លែងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់យានយន្តអគ្គិសនី។ ការប្រើប្រាស់យានយន្តអគ្គិសនី ជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនី គឺមានប្រសិទ្ធភាពជាងការប្រើម៉ូទ័រឥន្ធនៈ។
បន្ថែមពីលើនោះ ការប្រើប្រាស់យានយន្តអគ្គិសនី អាចផ្លាស់ប្តូរពីការប្រើ ប្រាស់ឥន្ធនៈហ្វូស៊ីលដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសច្រើន មកជាការប្រើប្រាស់ថាមពលស្អាតពីប្រព័ន្ធ ផ្គត់ផ្គង់អគ្គិសនីជាតិវិញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)