កោះកុង៖ រាជរដ្ឋាភិបាល បានត្រៀមថវិកា ១០០លានដុល្លារ សម្រាប់ជួយទប់ទល់ការឡើងថ្លៃតម្លៃអគ្គិសនី ខណៈ នៅសល់ភូមិចំនួនជាង ២០០ភូមិ មិនទាន់បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ «ភូមិដែលពិបាកទៅដល់»។ បើតាមការថ្លែងបញ្ជាក់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការថ្លែងបញ្ជាក់ សម្ដេចនាយករដ្ឋមន្រ្តី នៅក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើមានអានុភាព ១៥០មេហ្កាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី ក្នុងស្រុកថ្មបាទ ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បើតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានទំហំប្រភពអគ្គិសនីសរុបចំនួន ៤.២៤៦,៧៧មេហ្គាវ៉ាត់ ក្នុងនោះចំនួន ៣.១១៦,៤២មេហ្គាវ៉ាត់ ស្មើនឹងជាង ៧៣% ជាប្រភពអគ្គិសនីបានពីការអភិវឌ្ឍក្នុងស្រុក ហើយចំនួន ១.១៣០,៧៥មេហ្គាវ៉ាត់ ស្មើនឹងជាង ២៦% ជាប្រភពអគ្គិសនីដែលបាននាំចូលពីប្រទេសជិតខាង។
ប្រភពដដែលបានបង្ហាញទៀតថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី បច្ចុប្បន្ន មានខ្សែ បញ្ជូនសរុបចំនួន ៣.៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន ២៥ ទូទាំងប្រទេស។ បើតាមការបន្ត សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកា ១០០លានដុល្លារ សម្រាប់ជួយទប់ទល់ការឡើងថ្លៃតម្លៃអគ្គិសនី។
រាជរដ្ឋាភិបាលនីតិកាលទី៧ មិនធ្វើវារីអគ្គីសនីនៅលើដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។ បើតាមការគូសបញ្ជាក់បន្ត ប្រមុខរាជរដ្ឋាភិបាល បន្តទៀតថា គិតត្រឹមចុងឆ្នាំ២០២២ ផ្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសរុបចំនួនប្រមាណ ៣,៧២លានខ្នងផ្ទះ ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ស្មើនឹងប្រមាណជិត ៩០%។
សម្ដេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា ជាមួយគ្នានេះ ភូមិចំនួនជិត ១៤ ០០០ ស្មើនឹង ៩៨.២៧% បានតខ្សែបណ្តាញ អគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈ នៅសល់ភូមិចំនួនជាង ២០០ ប៉ុណ្ណោះ ស្មើនឹង១.៧៣% មិនទាន់តខ្សែបណ្តាញ អគ្គិសនីដោយសារភូមិទាំងនោះត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»។
សម្ដចធិបតី បានមានប្រសាសន៍ថា សម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ច ព្រមទាំងបានកំណត់ទិសដៅ៖
១-បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាង ១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ឱ្យទទួលបានអគ្គិសនីប្រើប្រាស់មុនឆ្នាំ២០៣០។
២-បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់អតិថិជនប្រើប្រាស់អគ្គិសនី, ៣-បន្តពិនិត្យលទ្ធភាពផ្តល់ការ អនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន។
៤-ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូនស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន, ៥-ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី និង ៦-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។
កម្ពុជា មានមោទនភាព បច្ចុប្បន្នកម្ពុជាមានប្រភពអគ្គិសនីកកើតឡើងវិញប្រមាណ ៦២% ហើយតាំងចិត្តសម្រេចឱ្យបាន ៧០% នៅឆ្នាំ២០៣០ ខណៈ ប្រទេសក្នុងតំបន់មួយចំនួនប្រភពអគ្គិសនីកកើតឡើងវិញ តិចតួចនៅឡើយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)