Register Already an agent ? Login

ឈ្វេងយល់ពីចំណុចសំខាន់ចំនួន ៣ បន្ថែមទៀតនៃ «ពន្ធលើប្រាក់ចំណូល»

ភ្នំពេញ៖ ចំណុចសំខាន់ៗចំនួន៣ នៃ«ពន្ធលើប្រាក់ចំណូល» រួមមាន រំលស់សារពើពន្ធ វិភាគទានសប្បុរសធម៌ និងកំហិតការប្រាក់។

ក្នុងកម្មវិធី ពន្ធដារកម្ពុជា ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកយកចំណុចសំខាន់ៗចំនួន ៣ នៃពន្ធលើប្រាក់ចំណូលមកធ្វើបទបង្ហាញរួមមាន៖ រំលស់សារពើពន្ធ វិភាគទានសប្បុរសធម៌ និងកំហិតការប្រាក់ ដោយមានវាគ្មិនចូលរួមជាមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ ពីររូបគឺ លោក ត្រាំង ឡៃ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស និងលោក ហេង សុវណ្ណារ័ត្ន ប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស។

តាមរយៈបទបង្ហាញនិងការពន្យល់លម្អិតពីវាគ្មិន យើងអាចយល់ច្បាស់ពីចំណុចសំខាន់ៗទាំង ៣ ដូច ខាងក្រោម៖

រំលស់ គឺជាការកត់ត្រាអំពីការសឹករេចនៃទ្រព្យសកម្មដែលបណ្តាលមកពីការប្រើប្រាស់ ពីពេលវេលាប្រើប្រាស់ ពីការផ្លាស់ប្តូរបច្ចេកទេស ឬពីមូលហេតុផ្សេងៗទៀត។

ទ្រព្យសកម្មរយៈពេលវែងដែលត្រូវធ្វើរំលស់មាន ទ្រព្យសកម្មរូបី ទ្រព្យសកម្មអរូបី និងកសិកម្មរយៈពេលវែង (ដំណាំកៅស៊ូ ដំណាំកសិកម្មក្រៅពីកៅស៊ូ ការចិញ្ចឹមសត្វ) ចំពោះអត្រា និងវិធីសាស្រ្តនៃការធ្វើរំលស់ត្រូវផ្អែកលើប្រភេទទ្រព្យសកម្ម និង ថ្នាក់នីមួយៗ ដោយឡែកដីធ្លីមិនមែនជាទ្រព្យអាចរំលស់បាននោះទេ។

ដើម្បីអាចកាត់កងបាន រំលស់ត្រូវបំពេញលក្ខខណ្ឌ ៥យ៉ាងគឺ ១-រំលស់ត្រូវធ្វើតែលើទ្រព្យសកម្មរយៈពេលវែងដែលកត់ ត្រាក្នុងទ្រព្យសកម្មនៃតារាងតុល្យការ, ២-រំលស់ត្រូវធ្វើតែលើទ្រព្យសកម្មដែល ទទួលរងការសឹករេច, ៣-រំលស់ត្រូវធ្វើនៅលើមូលដ្ឋាន និងក្នុងដែនកំណត់នៃថ្លៃដើម, ៤-រំលស់ត្រូវគណនាដោយប្រើវិធីរំលស់ តាម បទប្បញ្ញត្តិស្តីពីពន្ធដារ និង ៥-រំលស់ត្រូវបានធ្វើយ៉ាងពិតប្រាកដដោយសហគ្រាស។

វិភាគទានសប្បុរសធម៌ សំដៅដល់វិភាគទានជាសាច់ប្រាក់ ឬជាវត្ថុឱ្យដល់សកម្មភាពមិនស្វែងរកប្រាក់ចំណេញ មិនត្រូវលើសពី ៥% នៃប្រាក់ចំណូលសុទ្ធមុនពេលកាត់កងវិភាគទានសប្បុរសធម៌។

ការចំណាយសប្បុរសធម៌ដែលលើសពីកម្រិត ដែលច្បាប់បានអនុញ្ញាតចំនួនដែលលើសនោះនឹងមិនអនុញ្ញាតឱ្យកាត់កង និងមិនអាចយោងទៅកាត់កងនៅឆ្នាំជាប់ពន្ធបន្ទាប់ទៀតបានឡើយ

កំហិតការប្រាក់ ត្រូវគណនាដោយអនុវត្តតាមរូបមន្ត ក + ខ ដោយ៖

•ក ជាចំណូលការប្រាក់ដែលបានទទួល ឬត្រូវបានទទួល

•ខ ជា ៥០% នៃប្រាក់ចំណូលសុទ្ធ ដោយមិនគិតពីចំណូលការប្រាក់ និងចំណាយការប្រាក់។

ចំពោះចំណាយការប្រាក់ដែលមិនអនុញ្ញាតឱ្យកាត់កងក្នុងឆ្នាំចរន្ត អាចយោងជាចំណាយការប្រាក់សម្រាប់ឆ្នាំបន្តបន្ទាប់ទៀតបាន ៥ឆ្នាំ ដោយគិតតាមលំដាប់ឆ្នាំដែលការប្រាក់បានកើតឡើង។

នៅក្នុងកម្មវិធី វាគ្មិន ក៏បានបញ្ជាក់ផងដែរថា ពន្ធលើប្រាក់ចំណូល ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធយ៉ាងយូរ បំផុតត្រឹមថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់ មានន័យថា សម្រាប់ការប្រកាសនិងបង់ពន្ធលើ ប្រាក់ ចំណូលប្រចាំឆ្នាំ២០២៣ សហគ្រាសដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

មួយវិញទៀត ដើម្បីជួយសម្រួលក្នុងការបំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូលនេះ អគ្គនាយកដ្ឋានពន្ធដារក៏បានបង្កើតនូវ ប្រព័ន្ធ Tol e-Filing សម្រាប់អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ក៏ដូចជាកម្មវិធីទូរស័ព្ទដៃ GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច ក្នុងការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយមិនចាំបាច់ដាក់ផ្ទាល់ ជាមួយមន្ត្រីឡើយ ដែលចំណេញទាំងពេលវេលានិងថវិកា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)