Register Already an agent ? Login

CDC បានអនុម័តគម្រោង៧ មានទុនវិនិយោគជិត៣៣លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងស្វាយរៀង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៧ ដែលមានទុនសរុប ៣២.៩លានដុល្លារ បង្កើតរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងស្វាយរៀង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន “Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង។

២-ក្រុមហ៊ុន “ក្រុមហ៊ុន Vacation Industry Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២៤៥កន្លែង។

៣-ក្រុមហ៊ុន “ក្រុមហ៊ុន Star United Christmas Decoration Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៦លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ៥៣៦កន្លែង។

៤-ក្រុមហ៊ុន “ក្រុមហ៊ុន CH Lighting Tree Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

៥-ក្រុមហ៊ុន “ក្រុមហ៊ុន Kamelun Wood Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៣កន្លែង។

៦-ក្រុមហ៊ុន “Angel Wood (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។

៧-ក្រុមហ៊ុន “Glorious Building Material (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ១,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)