ភ្នំពេញ៖ របាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលពីការនាំចេញ ជ័រនិងឈើកៅស៊ូ រយៈពេល ១០ខែឆ្នាំ២០២៣ ជាង ៣៧៨លានដុល្លា ក្នុងនោះ ជ័រ ៣៧៦,៧១២,១៩៨ដុល្លារ និងឈើកៅស៊ូ មានចំនួន ១,៤១៨,៤៨២ដុល្លារ។
បើតាមរបាយការណ៍បានបន្តថា គិតត្រឹមខែតុលា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣២៧ដុល្លារ ក្នុង១តោន ថយចុះចំនួន ១៥៤ដុល្លារ ក្នុង១តោន ស្មើនឹង១០% បើធៀបនឹងគ្រាដូចគ្នា ក្នុងឆ្នាំ២០២២។ ខណៈ ឈើកៅស៊ូ មានតម្លៃ ២០៥ដុល្លារ ក្នុង១ម៉ែត្រគីប។
នៅក្នុងរបាយការណ៍ដដែល បន្តទៀតថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។
គូសបញ្ជាក់ថា កាលពីឆ្នាំ២០២២ ទៅកម្ពុជា រកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រនិងឈើកៅស៊ូ ក្នុងនោះ ការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)