កោះកុង៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៣៨,២៦% ហើយ ដោយគ្រោងនឹងបញ្ចប់ឱ្យរួចរាល់ នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
ក្នុងដំណើរ គណៈប្រតិភូបានចុះត្រួតពិនិត្យបច្ចេកទេសក្នុងការសាងសង់ នៅតាមទីតាំងមួយចំនួន ដើម្បីធានាថាក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ គណៈប្រតិភូក៏បានចុះពិនិត្យទីតាំងផលិតបេតុងកៅស៊ូ AC សម្រាប់ស្រោចក្រាលផ្លូវផងដែរ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)