ភ្នំពេញ៖ ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមចំនួន២៦ មានចំណាប់អារម្មណ៍ចង់បណ្តាក់ទុនវិនិយោគលើវិស័យ សុខាភិបាលនៅម្ពុជា រួមមាន៖ ផលិតផលគ្រឿងសម្អាង និងការបណ្តុះបណ្តាលការថែរក្សាសម្ផស្ស ការថែទាំមនុស្សចាស់ និងរៀបចំមន្ទីរពេទ្យក្នុងគម្រោងអភិវឌ្ឍន៍JICA ព្រមទាំងការបង្កើតការិយាល័យសមាគមជប៉ុន-កម្ពុជា នៅកម្ពុជានាឆ្នាំខាងមុខ។
ចំណាប់អារម្មណ៍របស់ម្ចាស់ក្រុមហ៊ុនជប៉ុនទាំងនេះ ត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាង លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាមួយលោក កាហាស៊ី ហ្វូមីអាគី ប្រធានសមាគមនជប៉ុន-កម្ពុជា (JCA) និងគណៈប្រតិភូ ដែលមកពីក្រុមហ៊ុនសហគ្រាសចំនួន២៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
លោក ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនពីគោលបំណងនៃកិច្ចជំនួបនាឱកាសនេះ គឺដឹកនាំក្រុម ការងារ សហគ្រាសធុនតូច និងមធ្យម ដែលមានចំណាប់អារម្មណ៍ចង់បណ្តាក់ ទុនវិនិយោគលើវិស័យសុខាភិបាល មកជម្រាបជូនក្រសួងសុខាភិបាល និងស្នើសុំការណែនាំ ក៏ដូចជាសុំការសហការគាំទ្ររបស់ក្រសួងសុខាភិបាលផងដែរ។
លោក ប្រធាន JCA បានគូសបញ្ជាក់ថា ក្នុងនោះរួមមាន ៖ការវិនិយោគលើផលិតផលគ្រឿងសម្អាង និងការបណ្តុះ បណ្តាលការថែរក្សាសម្ផស្ស ការវិនិយោគបណ្តុះបណ្តាលការថែទាំមនុស្សចាស់ និងរៀបចំមន្ទីរពេទ្យដែលស្តិតក្នុងគម្រោង អភិវឌ្ឍន៍JICA ព្រមទាំងការបង្កើតការិយាល័យរបស់ សមាគមជប៉ុន-កម្ពុជា នៅកម្ពុជានាឆ្នាំខាងមុខ។
លោក រដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណ លោក ហ្វូមីអាគី ដែលកន្លងមកតែងតែជួយគាំទ្រ ដល់ការ អភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការជួយសម្របសម្រួលផ្តល់ហិរញ្ញប្បទានឥតសំណង ក្រោមក្របខណ្ឌជំនួយ សហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលជប៉ុនដល់វិស័យសុខាភិបាលកម្ពុជា ទាំងក្នុងនាមជាឯកអគ្គរដ្ឋទូត នៃប្រទេសជប៉ុនប្រចាំកម្ពុជា និងក្នុងនាមជាប្រធាន JCA។
លោក កុយ វ៉ាន់នី បានសំដែងសេចក្តីរីករាយ និងស្វាគមន៍សហគ្រាសធុនតូច និងមធ្យម នៃប្រទេសជប៉ុន ដែលមាន បំណងចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាការឆ្លើយតបទៅនិងយុទ្ធសាស្ត្រអាទិភាពសុខាភិបាល របស់រាជ រដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើភាពជាដៃគូសាធារណៈ និងឯកជនផ្ទាល់ផងដែរ។
នាឱកាសនោះ លោក ក៏បានលើកទឹកចិត្ត JCA ជាពិសេសក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅកម្ពុជា ឱ្យពិភាក្សា ជាមួយមន្ត្រីជំនាញនៃផ្នែកនីមួយៗ ដើមី្បស្វែងយល់ពីយន្តការទទួលបានការសម្របសម្រួល និងផ្តល់ការណែនាំច្បាស់ លាស់ដល់ក្រុមហ៊ុន ព្រមទាំងបានអបអរសាទរ JCA ដែលត្រៀមនឹងបើកទីស្នាក់ការនៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ។
ក្នុងជំនួបនោះ ប្រធានសមាគម បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួង សុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យ សមាគមធុរកិច្ចជប៉ុន សហការនិងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធ នៃប្រទេសទាំងពីរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)