ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា សម្រាប់សម្របសម្រួលដល់ដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន និងកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
លោក ហ្វូមីអាគី បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានគាំទ្រនូវព្រឹត្តិការណ៍បាញ់កាំជ្រួចកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការរៀបចំទ្បើងដោយ JCA ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។
លោក ហ្វូមីអាគី គូសបញ្ជាក់ JCA បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅ កម្ពុជាលើវិស័យមួយចំនួន ជាអាទិ៍៖ ការបោសសម្អាតមីន, គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជួសជុលយានយន្ត និងគិលានុបដ្ឋាក ជាដើម។
ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះ លោក ហ្វូមីអាគី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាថ្មីម្តងទៀត។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអរគុណដល់ JCA ដែលបានសហការរៀបចំឱ្យមានព្រឹតិ្តការណ៍បាច់កាំជ្រួចអបអរសាទរខួបទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដោយរលូន។
នាឱកាសនោះ សម្តេចធិបតី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព និងការជំរុញការវិនិយោគ។
ក្នុងជំនួបនោះ លោក ហ្វូមីអាគី បានបញ្ជាក់ឱ្យដឹងថា សមាគម ក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា សម្រាប់សម្របសម្រួលដល់ដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន និងកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុនមកកាន់កម្ពុជា ព្រមទាំងបានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញនៃច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្ត សម្រាប់វិនិយោគិននិងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ នៅកម្ពុជា។
នារសៀលថ្ងៃខែឆ្នាំដដែល បន្ទាប់ពីជំនួបជាមួយ ប្រមុខរាជរដ្ឋាភិបាល លោក តាកាហាស៊ី ហ្វូមីអាគី បានជួប លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
លោក រដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនដែលបន្តផ្តល់កិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សដល់ សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) លើជំនាញជួសជុល និងថែទាំរថយន្ត រួមទាំងគម្រោងបណ្តុះបណ្តាល សមត្ថភាពសិក្ខាកាមរបស់កម្ពុជានៅប្រទេសជប៉ុនតាមរយៈគម្រោងកម្មសិក្សា។
លោក ហ្វូមីអាគី បានលើកឡើងពីគម្រោងពង្រីកវិសាលភាព និងការពង្រឹងសមត្ថភាពរបស់សាលាមធ្យមសិក្សា បច្ចេកទេស JVC ដើម្បីឆ្លើយតបនិងតម្រូវការនាពេលបច្ចុប្បន្ន។
ក្នុងជំនួបនោះ ភាគីទាំងក៏បានពិភាក្សាអំពីលក្ខខណ្ឌការងារ និងឱកាសនៃការពង្រីកទីផ្សារការងារនៅប្រទេសជប៉ុន រួមទាំងការពង្រីកលទ្ធភាពនៃកិច្ចសហការផ្សេងទៀតដែលក្រុមហ៊ុនជប៉ុនមើលឃើញពីសក្តានុពលនៅកម្ពុជា។
លោក រដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូន JCA ថា តាមរយៈគោលនយោបាយ និងកម្មវិធីអាទិភាពរបស់ក្រសួងដែលស្របទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មជំនាញកាន់តែច្រើន ដើម្បីធានាប្រសិទ្ធភាពនៃផលិតកម្ម និងផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ក្រុមហ៊ុនវិនិយោគ។ ក្នុងក្របខណ្ឌវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបានត្រៀមលក្ខណៈសម្បត្តិជួយក្រុមហ៊ុនជប៉ុន ដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)