ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គ.ម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយគ្នា ក៏បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤គ.មផងដែរ។
ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជនឆ្លងកាត់ខេត្ត ចំនួន៥ រួមមាន៖ ខេត្តកណ្តាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ។
ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ ព្រមទាំងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)