ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង គម្រោងសាងសង់វារីអគ្គិសនី អានុភាព១៧០មេហ្កាវាត់ ទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ ក្នុងខេត្តកោះកុង។ មួយគ្នានេះ CDC ក៏បានអនុម័ត គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៦ ដែលមានទុនសរុប ៣២.២៦លានដុល្លារ នៅភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។
បើតាមសេចក្ដីប្រកាសពត៌មាន CDC ឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៧ CDC បានសម្រេចចេញវិញ្ញា បនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១.ក្រុមហ៊ុន “KHMER ELECTRICAL POWER CO., LTD” គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។
២.ក្រុមហ៊ុន JUSTIN ALLEN (CAMBODIA) GARMENT MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៣៣៥កន្លែង។
៣.ក្រុមហ៊ុន KANGFA (CAMBODIA) GARMENT TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៣៣៥កន្លែង។
៤.ក្រុមហ៊ុន SKY BEST FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩២៥កន្លែង។
៥.ក្រុមហ៊ុន YF SINOSKY INDUSTRIAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួក ស្ថិតនៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២៤៨កន្លែង។
៦.ក្រុមហ៊ុន SVZ PRINTING & PACKAGING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។
៧.ក្រុមហ៊ុន “XIN SUNN LONG (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួក ស្ថិតនៅភូមិព្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,០៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,១៨៣កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)