ភ្នំពេញ៖ យោងតាមមាត្រា២០៨ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធមានសិទ្ធិចាត់ឱ្យបុគ្គលម្នាក់ទៀតជាតំណាងធ្វើ សកម្មភាពជំនួសមុខខ្លួនក្នុង កិច្ចការនានាទាក់ទិននឹងពន្ធដារ តាមរយៈលិខិតផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ។
បើតាម មាត្រាដដែល បន្តថា មិនតែប៉ុណ្ណោះ អ្នកជាប់ពន្ធអាចកំណត់ព្រំដែនសិទ្ធិអំណាច នៃការផ្ទេរសិទ្ធិនេះ ដោយអ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចទទួលខុសត្រូវដោយផ្ទាល់ចំពោះរាល់សកម្មភាព របស់បុគ្គលដែលជាតំណាង ស្របច្បាប់របស់ខ្លួនឬបុគ្គល ដែលបានទទួលការផ្ទេរសិទ្ធិពីខ្លួនរហូត ដល់ពេលណាដែលរដ្ឋបាលសារពើពន្ធបាន ទទួលសេចក្តីបញ្ជាក់ជាលាយលក្ខណ៍ អក្សរពីអ្នកជាប់ពន្ធ ស្តីពីការលុបចោលនូវការផ្ទេរសិទ្ធិនោះ។
បន្ទាប់ពីទទួលបានការចាត់ជាតំណាង តើសកម្មភាពអ្វីខ្លះដែលអ្នកតំណាងអ្នកជាប់ពន្ធមានសិទ្ធិជំនួស មុខឱ្យអ្នកជាប់ពន្ធ? មាត្រា២០៨ ដដែល បានបញ្ជាក់ផងដែរថា បុគ្គលជាអ្នកតំណាងអ្នកជាប់ពន្ធត្រូវមានសិទ្ធិជំនួសមុខ ឱ្យអ្នកជាប់ពន្ធដើម្បី៖
- ដាក់លិខិតប្រកាសសារពើពន្ធ
- បង្ហាញរបាយការណ៍ ឬលិខិតស្នាមផ្សេងៗ
- បង់ពន្ធអាករទាំងឡាយដែលកំណត់ដោយបទប្បញ្ញត្តិស្តីពីពន្ធដារ
- ធ្វើបណ្ដឹងតវ៉ា
- បំពេញរាល់កាតព្វកិច្ចដែលអ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។
បុគ្គលដែលជាតំណាងរបស់អ្នកជាប់ពន្ធក្នុងអំឡុងពេល១៥ (ដប់ប្រាំ)ថ្ងៃ ត្រូវផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកនូវភ័ស្តុតាង ជាលាយលក្ខណ៍អក្សរនៃការផ្ទេរសិទ្ធិដែលមានសុពលភាព។
បុគ្គលដែលទទួលអាជ្ញាបណ្ណជាភ្នាក់ងារសេវាកម្មពន្ធដារអាចជាតំណាងអ្នកជាប់ពន្ធនិងអាចធ្វើការផ្គត់ផ្គង់សេវាទាក់ទិននឹងពន្ធដារដល់អ្នកជាប់ពន្ធ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)