ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២៣ អ្នកដំណើរចូលមកកម្ពុជាតាមផ្លូវអាកាសមានចំនួន ៤,១១២,១៧៧លាននាក់ កើន ១៤៤% ខណៈ ជើងហោះហើរមានចំនួន ៤១,៥៩៦ជើង កើន ៩៣%។ បើតាមការថ្លែងរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្តី្រទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល។
នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីព្រឹកថ្ងៃទី១៦ ខវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងបន្តថា ពោលគឺចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ មានការកើនឡើង បើធៀបទៅនឹងគ្រាដូចគ្នាឆ្នាំ២០២២។
លោកម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា នៅដើមខែវិច្ឆិកានេះ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ-អន្តរជាតិ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ជាមធ្យមមានជើងហោះហើរចំនួន ៩១០ជើង ក្នុង១សប្តាហ៍ ចេញ- ចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ ដែលមានក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកចំនួន ៣២ក្រុមហ៊ុន កំពុងតភ្ជាប់ជើងហោះហើរឡើងវិញ។ លោក បានបញ្ជាក់ថា មកពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាជាដើម។
កាលពីឆ្នាំ២០១៩ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បានទទួលអ្នកដំណើរតាមផ្លូវអាកាសចំនួន ៣,៩លាននាក់ និងទទួលជើងហោះហើរជិត ៤០ពាន់ជើង (ទ្វេរទិស) ដែលក្នុង១ថ្ងៃ មានជើងហោះហើរប្រមាណជាង ១០០ជើង។ បើតាម លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងរម្លឹក ដោយបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត។
លោក បានបន្ថែមថា បច្ចុប្បន្ន ទោះបីមានជើងហោះហើរប្រចាំថ្ងៃត្រឹមតែ ៣៤ជើង ឬស្មើ៣២% នៃឆ្នាំ២០១៩ តែយើងសង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជារួមអាចសន្មតបានថា វិស័យឧស្សាហកម្មតាមផ្លូវអាកាសនៅ កម្ពុជាបានស្តារឡើងវិញជាង៥៥% បើប្រៀបនឹងឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩។
តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ «ទស្សនាកម្ពុជាឆ្នាំ២០២៤» ទេសចរចិននឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។ បើតាមការថ្លែង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាពិធីខាងលើ។
សម្តចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរអំពីការរៀបចំឡើងវិញនូវក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួម ពីស្ថាប័នរដ្ឋនិងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំនិងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដោយផ្តោតលើចំណុចសំខាន់ មានជាអាទិ៍៖
ការផ្សព្វផ្សាយ, ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ, ការកែសម្រួល និងការផ្តល់សេវានៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ, តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប, ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ជាដើម។
ដើម្បីគាំទ្រដល់កម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលក៏នឹងដាក់ចេញនូវវិធានការគាំទ្រមួយចំនួន ដែលមានជាអាទិ៍៖ ១. ការពង្រឹងបដិសណ្ឋារកិច្ចតាមច្រកទ្វារព្រំដែន ដែលសាកល្បងមុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, ២.ការពង្រីកវិសាលភាពបណ្ណព្រំដែន, ៣.ការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប, ៤.ការលើកទឹកចិត្តផ្នែកពន្ធដារ, ៥.ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីៗមកខេត្តសៀមរាប, និង ៦.ការបញ្ចុះអត្រាថ្លៃលក់អគ្គិសនី ១៥% សម្រាប់បរិមាណអគ្គិសនីដែលប្រើលើសពីមធ្យមភាគ ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍។
កម្ពុជា គ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើ លិខិតឆ្លងដែន(PASSPORT)នោះទេ។ បើតាមការបញ្ជាក់ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យអាជ្ញាធរ ខិតខំធ្វើ យ៉ាងណាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យបានល្អ ប្រសើរបន្ថែមទៀត ដើម្បីជាការផ្តល់ទំនុកចិត្ដដល់ពួកគេបន្ថែម។
សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តជាតិថ្មីដែលត្រូវបានសាងសង់រួចនេះ ជាប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទជាមួយនឹងជើងហោះហើរប្រមាណ ៦៥.៨០០ជើង ក្នុង ១ឆ្នាំ ហើយអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១។
គម្រោងទាំងមូលបានប្រើប្រាស់ផ្ទៃដីសរុប ៧០០,៦ហិកតា និងដីបម្រុង ១.០០០ហិកតា សម្រាប់គាំទ្រដល់ផែនការពង្រីកជាដំណាក់ៗ ដើម្បីអភិវឌ្ឍទៅជាអាកាសយានដ្ឋានកម្រិត 4F នៅថ្ងៃខាងមុខ ព្រមជាមួយនឹងគម្រោងកសាងទីតាំងជាតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបថ្មី៕
ដោយ៖ មឿន ឌីណា (Mouen Dyna)