Register Already an agent ? Login

តើការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់ ត្រូវមានកាតព្វកិច្ចបង់ពន្ធអាករយ៉ាងដូចម្តេច?

ភ្នំពេញ៖ ក្នុងរយៈកន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក បាននិងកំពុងពង្រីកទីផ្សារ ដោយប្រើយុទ្ធសាស្ត្រជំរុញការលក់ក្រោមរូបភាពជាការផ្គត់ផ្គង់ទំនិញ ដោយមានថែមទំនិញរបស់សហគ្រាសឬទំនិញដទៃ ឬផ្តល់ជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬវិធីផ្សេងទៀត ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួន។

កាលពីទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធី “ពន្ធដារកម្ពុជា ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានពន្ធដារ បានលើកយកប្រធានបទថ្មីមួយទៀតមកធ្វើបទបង្ហាញនិងពិភាក្សានោះគឺ “កាតព្វកិច្ចបង់ពន្ធអាករចំពោះ ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក” ដោយមានការចូលរួមពីវាគ្មិនលោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ម៉ឹង សុខឡៅ អនុប្រធាននាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ។

ដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្ត កាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំលេខ០២៥ សហវ.ស.ណ.ខ ស្តីពី កាតព្វកិច្ចបង់ពន្ធអាករចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់ របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ក្នុងគោលបំណងណែនាំដល់សហគ្រាសអំពីកាតព្វកិច្ចបង់ពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់ផ្សេងៗ។

យោងតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ការផ្គត់ផ្គង់ត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗគឺ៖

១. ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញជាស្តុកសម្រាប់លក់ ត្រូវចាត់ទុកជាការផ្គត់ផ្គង់ជាប់អាករ ដូចខាងក្រោម៖

ក-សហគ្រាសផលិតទំនិញជាប់អាករពិសេស និង/ឬអាករសម្រាប់បំភ្លឺសាធារណៈ

-ត្រូវជាប់អាករពិសេស និង/ឬអាករសម្រាប់បំភ្លឺសាធារណៈ

-ត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ ក្នុងករណីថែមទំនិញ ឬផ្តល់រង្វាន់នូវទំនិញជាប់អាករសម្រាប់ បំភ្លឺសាធារណៈ ដែលសហគ្រាសបាននាំចូលដោយផ្ទាល់ (តម្លៃផ្គត់ផ្គង់លើទីផ្សារ)

-ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល (ថ្លៃដើមនៃទំនិញជាប់អាករ)

-ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម។

ខ-សហគ្រាសនាំចូលទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ

-ត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ (តម្លៃផ្គត់ផ្គង់លើទីផ្សារ)

-ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល (ថ្លៃដើមនៃការនាំចូលទំនិញ)

-ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម។

គ. សហគ្រាសផ្គត់ផ្គង់ទំនិញដែលមិនជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ - ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល (ថ្លៃដើមនៃការនាំចូលទំនិញ) - ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម។

២. ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញមិនមែនជាស្តុកសម្រាប់លក់ឬរង្វាន់ផ្សេងៗក្រៅពីទំនិញសហគ្រាសត្រូវ អនុវត្ត៖

-មិនត្រូវចាត់ទុកជាការផ្គត់ផ្គង់ដែលជាកម្មវត្ថុនៃអាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូលឡើយ

-អាករលើតម្លៃបន្ថែមដែលសហគ្រាសបានបង់លើការទិញទំនិញយកមកប្រើប្រាស់សម្រាប់ការលក់ដោយមានថែមទំនិញ ឬផ្តល់ រង្វាន់ មិនត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលឡើយ ប៉ុន្តែត្រូវបានអនុញ្ញាតជាចំណាយកាត់កងបានសម្រាប់គោលដៅ ពន្ធលើប្រាក់ចំណូល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)