សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស។ បើតាមការគូសបញ្ជាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ជាពិសេសនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ “Siem Reap Angkor International Airport" នាព្រឹកថ្ងៃទី១៦ ខវិច្ឆិកា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។
សម្ដេចធិបតី បានមានប្រសាសន៍ទៀតថា តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ «ទស្សនាកម្ពុជាឆ្នាំ២០២៤» ទេសចរចិននឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។
សម្តចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរអំពីការរៀបចំឡើងវិញនូវក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួម ពីស្ថាប័នរដ្ឋនិងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំនិងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដោយផ្តោតលើចំណុចសំខាន់ មានជាអាទិ៍៖
ការផ្សព្វផ្សាយ, ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ, ការកែសម្រួល និងការផ្តល់សេវានៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ, តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប, ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ជាដើម។
ដើម្បីគាំទ្រដល់កម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលក៏នឹងដាក់ចេញនូវវិធានការគាំទ្រមួយចំនួន ដែលមានជាអាទិ៍៖ ១. ការពង្រឹងបដិសណ្ឋារកិច្ចតាមច្រកទ្វារព្រំដែន ដែលសាកល្បងមុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, ២.ការពង្រីកវិសាលភាពបណ្ណព្រំដែន, ៣.ការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប, ៤.ការលើកទឹកចិត្តផ្នែកពន្ធដារ, ៥.ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីៗមកខេត្តសៀមរាប, និង ៦.ការបញ្ចុះអត្រាថ្លៃលក់អគ្គិសនី ១៥% សម្រាប់បរិមាណអគ្គិសនីដែលប្រើលើសពីមធ្យមភាគ ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍។
ឆ្នាំ២០២៤ ជាឆ្នាំរស់ឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា ខណៈពិភពលោកកំពុងមានការគំរាមកំហែងនៃ វិបត្តិថាមពល កម្ពុជាបានរក្សាលំនឹងបានដដែលនៃតម្លៃអគ្គិសនី ថែមទាំងមានការបញ្ចុះតម្លៃដល់រោងចក្រសហគ្រាស នានារហូតដល់ទៅ ១៥% ផងដែរក្នុងឆ្នាំ២០២៣នេះ។ បើតាមការបញ្ជា សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
កម្ពុជា គ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើ លិខិតឆ្លងដែន(PASSPORT)នោះទេ។ បើតាមការបញ្ជាក់ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យអាជ្ញាធរ ខិតខំធ្វើ យ៉ាងណាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យបានល្អ ប្រសើរបន្ថែមទៀត ដើម្បីជាការផ្តល់ទំនុកចិត្ដដល់ពួកគេបន្ថែម។
បើតាមស្ដចធិតី នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រព័ន្ធ E-Arrival សម្រាប់ការបំពេញបែបបទរបស់ អ្នកដំណើរតាមយន្តហោះ មកដល់កម្ពុជា នឹងដាក់ឱ្យដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមុនគេ ដើម្បីសម្រួលដល់ការបំពេញបែបបទរបស់អ្នកដំណើរទាំងនោះ ឱ្យកាន់តែងាយស្រួល និងមិនស្មុគស្មាញ ដូចការបំពេញដោយប្រើប៊ិកសរសេរ។
បើតាម ប្រមុខរាជរដ្ឋាភិបាល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អនុញ្ញាតឱ្យយន្តហោះឡើងចុះបាន២ ទិសផ្សេងគ្នា ដែលខុសពីព្រលានយន្តហោះចាស់ ដែលអនុញ្ញាតឱ្យយន្តហោះឡើងចុះបាន តែមួយទិសប៉ុណ្ណោះ ដោយសារមួយទិសទៀត ប៉ះចំលើបុរាណប្រាសាទក្នុងតំបន់អង្គរ។ អាកាសយាដ្ឋាននេះ បំពាក់ទៅដោយសម្ភារទំនើបៗ និងអាចពង្រីកបានទៅតាមបច្ចេកទេសជំនាញ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តទៀតថា ព្រលានយន្តហោះជាច្រើននៅក្នុងពិភពលោក មិនត្រឹមតម្លៃត្រឹមតែជាអាកាសយានដ្ឋានសម្រាប់យន្តហោះចុះចត ឬចេញដំណើរប៉ុណ្ណោះនោះទេ ប៉ុន្តែអាកាសយានដ្ឋានរបស់ប្រទេសទាំងនោះ បានក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មថែមទៀត។
សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តជាតិថ្មីដែលត្រូវបានសាងសង់រួចនេះ ជាប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទជាមួយនឹងជើងហោះហើរប្រមាណ ៦៥.៨០០ជើង ក្នុង ១ឆ្នាំ ហើយអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១។
គម្រោងទាំងមូលបានប្រើប្រាស់ផ្ទៃដីសរុប ៧០០,៦ហិកតា និងដីបម្រុង ១.០០០ហិកតា សម្រាប់គាំទ្រដល់ផែនការពង្រីកជាដំណាក់ៗ ដើម្បីអភិវឌ្ឍទៅជាអាកាសយានដ្ឋានកម្រិត 4F នៅថ្ងៃខាងមុខ ព្រមជាមួយនឹងគម្រោងកសាងទីតាំងជាតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបថ្មី៕
ដោយ៖ មឿន ឌីណា (Moeun Dyna)