ភ្នំពេញ៖ សមិទ្ធផលស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញ ឆ្ពោះទៅទិសខាងកើត តាមបណ្តោយ ផ្លូវជាតិលេខ១។ នេះជាការថ្លែងបញ្ជាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការថ្លែងបញ្ជាក់បែបនេះ របស់ប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពាននាគភ្លោះកោះនរា ក្នុងខណ្ឌច្បារអំពៅ និងស្ពានកោះនរា ស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វរវាង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធផលស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ ស្របតាមអនុសាសន៍ និងចក្ខុវិស័យប្រកបដោយភាពច្បាស់លាស់របស់ សម្ដេចតេជោ ហ៊ុន សែន ហើយការដាក់ឱ្យដំណើរការស្ពាននេះ នឹងក្លាយទៅជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការកាត់បន្ថយវេលាធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ, ការកកស្ទះចរាចរណ៍ ក៏ដូចជាការទាក់ទាញការវិនិយោគ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់។
ស្ពានបេតុងខ្សែកាបនេះ នឹងក្លាយជាការតភ្ជាប់និស្ស័យរវាងតំបន់ដែលមានសក្ដានុពលបំផុតរបស់រាជធានីភ្នំពេញ ពោលគឺតំបន់កោះពេជ្រ ទៅនឹងតំបន់កោះនរា ដោយឆ្លងកាត់ទន្លេបាសាក់ ដែលនេះជាជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញឆ្ពោះទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ១។ ជាការបញ្ជាក់បន្ថែម សម្ដេចធិបតី បន្តថា ពិតណាស់សមិទ្ធផលទាំងនេះសុទ្ធតែជាផលផ្លែ ដែលកើតចេញពីកត្តាសុខសន្តិភាព។
ចំពោះ វិស័យអចលនទ្រព្យ សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមទៀតថា វិស័យនេះនៅតែជាវិស័យដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រ ជាពិសេស វិធានការលើកទឹកចិត្តសារពើពន្ធ ជាអាទិ៍៖ ពន្ធប្រថាប់ត្រា, ទណ្ឌកម្មរដ្ឋបាលលើពន្ធអចលនទ្រព្យ, ពន្ធដីធ្លីមិនបានប្រើប្រាស់, និងពន្ធលើចំណេញមូលធនសម្រាប់វិស័យអចលនទ្រព្យ ជាដើម។
សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏យល់ច្បាស់អំពីសម្ពាធនៃវិស័យហិរញ្ញវត្ថុ នៅក្នុងបរិបទនេះផងដែរ ហើយបានជំរុញលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ (Loan Restructuring) តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរី។
រាជរដ្ឋាភិបាល ក៏នឹងជំរុញបន្ថែមទៀត ឱ្យវិស័យអចលនទ្រព្យកម្ពុជា កាន់តែមានការទាក់ទាញពីវិនិយោគិនបរទេស ដោយក្នុងនោះ បានជំរុញការប្រើប្រាស់ “យន្តការសិទ្ធិជួលរយៈពេលវែង” ដែលជាយន្តការស្របច្បាប់មួយអនុញ្ញាតឱ្យ មានចុះកិច្ចសន្យាជួលរយៈពេលវែងនូវអចលនទ្រព្យទាំងនោះ ក្នុងរយៈពេលចាប់ពី ១៥ឆ្នាំ ដល់ ៥០ឆ្នាំ និងអាចបន្តការជួលរយៈពេល ៥០ឆ្នាំទៀត ដោយទទួលបាននូវសិទ្ធិប្រត្យក្ស ស្ទើរតែដូចគ្នាទៅនឹងសិទ្ធិរបស់កម្មសិទ្ធិករដែរ។ បើតាមការបន្ថែមទៀត ប្រមុខាជរដ្ឋាភិបាល។
ត្រង់ចំណុចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបកស្រាយបញ្ជាក់ពាក់ព័ន្ធនឹងការយល់ច្រឡំមួយចំនួនថានេះ គឺជាការលក់ដីឱ្យបរទេស ដែលប្រាសចាកទាំងស្រុងពីស្មារតីនៃយន្តការនេះ ពីព្រោះគ្រាន់តែជាយន្តការជួល ដែលមានរយៈពេលវែង ហើយមានបទដ្ឋានគតិយុត្តត្រឹមត្រូវ និងច្បាស់លាស់។
ដោយអនុវត្តយ៉ាងតឹងរ៉ឹងបំផុតតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលមិនអនុញ្ញាតឱ្យជនបរទេស ទាំងជារូបវន្តបុគ្គល ទាំងជានីតិបុគ្គល អាចក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីនោះឡើយ ពោលគឺមានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី៕
ដោយ៖ មឿន ឌីណា (Moeun Dyna)