ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ចង់ឃើញជ័យលាភីប្រកួតប្រជែងក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិរបស់កម្ពុជា អាចពង្រីកវិសាលភាពប្រកួតប្រជែងរបស់ខ្លួនដល់កម្រិតតំបន់។
ការថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេល លោក បានអញ្ជើញបិទការប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលជាកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ហេង សួរ បានគូសបានបញ្ជាក់ថា៖ “ខ្ញុំចង់ឱ្យកម្មវិធីសហគ្រិននេះ ធំជាងមុន និងមានការប្រកួតប្រជែងដល់កម្រិតថ្នាក់តំបន់ ហើយព្រឹត្តិការណ៍នៃការប្រកួតប្រជែងនេះ ត្រូវបានសង្គម និងរាជរដ្ឋាភិបាលទទួលស្គាល់”។
លោក រដ្ឋមន្ត្រី បានលើកឡើងថា ការឈានឡើដល់កម្រិតអន្តរជាតិ គឺជាការបង្ហាញពីសក្តានុពលនៃសហគ្រិនកម្ពុជា ក្នុងកម្រិតតំបន់ដែលជាការពង្រីកសមត្ថភាព និងដកស្រង់បទពិសោធន៍បន្ថែមព្រោះសហគ្រិនកម្ពុជា ក៏មានសមត្ថភាពគួរឱ្យកត់សម្គាល់ផងដែរ។ លោក បានបន្តថា បន្ថែមពីនេះ ការបង្កើនទំហំនៃការផ្តល់ពានរង្វាន់ ដល់ជ័យលាភី ក៏ជាចំណុចដែលនឹងបង្កើនការទាក់ទាញ បេក្ខភាពចូលរួមការប្រកួតប្រជែង។
សូមបញ្ជាក់ថា ការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣នេះ មានជ័យលាភីចំនួន ៤រូប ដែលមានគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)