ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាននាគភ្លោះកោះនរា ក្នុងខណ្ឌច្បារអំពៅ និងស្ពានកោះនរា ស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វរវាងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ស្ពាននាគភ្លោះភ្ជាប់ផ្លូវជាតិលេខ១ ទៅក្រុងរណបកោះនរា និងស្ពានបេតុងខ្សែកាបភ្ជាប់កោះពេជ្រ ទៅក្រុងរណបកោះនរា នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញ ឆ្ពោះទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ១។ បើតាមការថ្លែងបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចធិបតី បានថ្លែងបន្តថា ស្ពាននេះ នឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង ២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។
សមិទ្ធផលស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ ស្របតាមអនុសាសន៍ និងចក្ខុវិស័យប្រកបដោយភាពច្បាស់លាស់របស់ សម្ដេចតេជោ ហ៊ុន សែន។ បើតាម សម្ដេចធិបតី បគូសបញ្ជាក់ថា ហើយការដាក់ឱ្យដំណើរការស្ពាននេះ នឹងក្លាយទៅជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការកាត់បន្ថយវេលាធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ, ការកកស្ទះចរាចរណ៍ ក៏ដូចជាការទាក់ទាញការវិនិយោគ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ស្ពានបេតុងខ្សែកាបនេះ នឹងក្លាយជាការតភ្ជាប់និស្ស័យរវាងតំបន់ ដែលមានសក្ដានុពលបំផុតរបស់រាជធានីភ្នំពេញ ពោលគឺតំបន់កោះពេជ្រ ទៅនឹងតំបន់កោះនរា ដោយឆ្លងកាត់ទន្លេបាសាក់ ដែលនេះជាជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រាជធានីភ្នំពេញ ឆ្ពោះទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ១។
សូមបញ្ជាក់ថា ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ម៉ែត្រ និងទទឹងប្រវែង ២៤,៥ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ម៉ែត្រ នៅរដូវវស្សា។ ស្ពាននេះ ចំណាយថវិកាចំនួន ៣៨លានដុល្លារ ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។
ស្ពានទី២ ជាប្រភេទស្ពានបេតុង២ខ្សែជាប់គ្នា ត្រូវបានគេឱ្យឈ្មោះថា ស្ពាននាគភ្លោះកោះនរា តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានម្ខាងៗប្រវែង ៨.៥ម៉ែត្រ។ ស្ពាននេះ ចំណាយថវិកាជាង ១,៦លានដុល្លារ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ២៥ខែ។
ស្ពានទាំងពីរខ្សែនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)