Register Already an agent ? Login

កម្មវិធីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមអនឡាញ មានការកើនឡើងជិត ៧៥% បើធៀបនឹងឆ្នាំ២០២២

ភ្នំពេញ៖ ការផ្តល់ជូននូវភាពងាយស្រួលរហ័សនិងការកាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អ្នកជាប់ពន្ធក្នុងការទទួលបានសេវានានា និងការបង់ពន្ធអាករគ្រប់ប្រភេទ គឺជាគោលដៅចម្បងមួយនៃការធ្វើកំណែ ទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ។

ដើម្បីសម្រេចបានគោលដៅនេះ អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍកម្មវិធីទូរសព្ទដៃជាច្រើនក្នុងការផ្តល់សេវាដែល មានភាពសាមញ្ញនិងងាយស្រួលប្រើប្រាស់សម្រាប់អ្នកជាប់ពន្ធ ក្នុងនោះកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) បានផ្តល់នូវភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធតាម ទូរសព្ទដៃ ដោយមិនចាំបាច់ចំណាយពេល ធ្វើដំណើរនិងរង់ចាំយូរនៅធនាគារ ឬសាខាពន្ធដារខេត្ត-ខណ្ឌទៀតនោះទេ។

GDT Taxpayer App ជាកម្មវិធីទូរសព្ទដៃដ៏ពេញនិយម និងទទួលបានការពេញចិត្តពីអ្នកជាប់ពន្ធ ជាពិសេសការប្រើប្រាស់មុខងារបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ដោយហេតុថា ការបង់ពន្ធតាមកម្មវិធីទូរសព្ទដៃនេះ មានភាពងាយស្រួល និងសាមញ្ញបំផុតដែលម្ចាស់យានយន្តទាំងអស់អាចបង់ពន្ធបានគ្រប់ពេលវេលាពីគ្រប់ទីកន្លែង ហើយបន្ទាប់ពីបង់ពន្ធតាមទូរសព្ទដៃរួចរាល់ភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារនឹងដឹកជញ្ចូនលតាបត្រដល់ទីតាំង ថែមទៀតផង។

គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានយានយន្តចំនួន ១៥,៥១៥គ្រឿង បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ តាមកម្មវិធី GDT Taxpayer App ដែលចំនួននេះមានការកើនឡើងលើសឆ្នាំ២០២២ ដល់ទៅ ៧៥%។

ការកើនឡើងនៃចំនួនអ្នកបង់ពន្ធ តាមកម្មវិធី GDT Taxpayer App នេះ បានបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាព នៃការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិករបស់អគ្គនាយកដ្ឋានពន្ធដារ និងភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី ដែលអាចកាត់បន្ថយការរអ៊ូរទាំលើការចំណាយពេលវេលារង់ចាំយូរ ធ្វើដំណើរឆ្ងាយជាដើម ក្នុងការបង់ពន្ធ។

គួរម្លឹកផងដែរថា ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣ ចាប់ផ្តើមប្រមូលនៅថ្ងៃទី១ ខែមិថុនា កន្លងទៅ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)