ភ្នំពេញ៖ ប្រតិភូវិនិយោគិនបារាំង ដែលបាននិងកំពុងធ្វើទស្សនកិច្ចស្វែងយល់ពីកាលានុវត្តន៍ភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា គ្រោងបណ្ដាក់ទុនវិនិយោគលើការផលិតនិងបម្រើសេវាកម្មច្នៃប្រឌិត (Creative Services) ក្នុងវិស័យសិល្បៈ ដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ។
លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដែលបាននិងកំពុងធ្វើទស្សនកិច្ចស្វែងយល់ពីកាលានុវត្តន៍ភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះ បានពិភាក្សាអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគលើការផលិត និងបម្រើសេវាកម្មច្នៃប្រឌិត (Creative Services) ក្នុងវិស័យសិល្បៈ ដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ។
បើតាមជំនួបនេះបានឱ្យដឹងថា វិនិយោគិនបារាំង មានបំណងនាំយកនូវគំរូវិនិយោគតាមរូបភាពជាការវិនិយោគ ដែលជះឥទ្ធិពល (Impact investment) ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលពួកគាត់បានអនុវត្តដោយជោគជ័យនៅសហគមន៍អឺរ៉ុបជាង ៣០ឆ្នាំកន្លងមកនេះ។
លោក ហ្គីឡោម ប្លង់ជន (Guilaume Planchon) បានកោតសរសើរចំពោះ ការដឹកនាំដ៏ឈ្លាសវៃរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរុញច្រាននាវាកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍគ្រប់វិស័យ។
លោក បានគូសបញ្ជាក់ថា មានបំណងចូលរួមផ្សព្វផ្សាយពីកិត្យានុភាពកម្ពុជា តាមរយៈការរៀបចំពិព័រណ៌សិល្បៈ សហសម័យនៅកម្ពុជាក្នុងឆ្នាំ២០២៥ ដើម្បីបង្ហាញពិភពលោកពីលទ្ធផលនៃការវិនិយោគផ្ទាល់ លើវិស័យសេវាច្នៃប្រឌិតនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)