Register Already an agent ? Login

ក្រុមហ៊ុនជប៉ុនធំ កំពុងដំណើរផលិតកម្មនៅកម្ពុជា គ្រោងពង្រីកបន្ថែមទៀតផ្ដល់ការងារ៧០០កន្លែង

ភ្នំពេញ៖ ក្រុមហ៊ុន Denso ធំមួយរបស់ជប៉ុន ដែលបានដំណើរនៅកម្ពុជានៅឆ្នាំ២០១៣ មានកម្មករជាង៥០០នាក់ នាពេលបច្ចុប្បន្ន នៅឆ្នាំ២០២៤ គ្រោងពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួនដោយផ្ដល់ការងារបន្ថែមទៀតប្រមាណ ៧០០នាក់ នៅក្នុងរោងចក្រនេះ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានទទួលជួប លោក នីហ្ស៊ីកា ណាអូតូ នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) និងក្រុមការងារពិភាក្សាការងារកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ម៉ឹនីហ្ស៊ីកា ណាអូតូ បានជម្រាបជូន អគ្គលេខាធិការថា នាពេលបច្ចុប្បន្ន មានកម្មករប្រមាណជាង ៥០០នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រ Denso ហើយនៅឆ្នាំ២០២៤ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ ឱកាសការងារបន្ថែមទៀតប្រមាណ ៧០០កន្លែង។

លើសពីនេះទៀត នាយកប្រតិបត្តិ បានជម្រាបជូន អគ្គលេខាធិការ ពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Denso និងវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (សាលាតិចណូ) រហូតឈានដល់ចុះ MoU ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស ហើយក្នុងនោះផងដែរ បុគ្គលិកដែលជាវិស្វករចំនួន ១០០នាក់ ដែលបាននិងកំពុងបម្រើការនៅក្នុងរោងចក Denso បច្ចុប្បន្ន មាន៥០នាក់ គឺជាសិស្សដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូ។

លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនធំមួយនេះ ដែលមានសកម្មភាពវិនិយោគនៅ កម្ពុជាតាំងពីឆ្នាំ២០១៣ ហើយឆ្នាំ២០២៣នេះ ជាខួបរយៈពេល១០ឆ្នាំ ក្នុងការបង្កើតក្រុមហ៊ុន Denso នៅក្នុងប្រទេសកម្ពុជា។

អគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុនដែល ឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលមូលធនមនុស្សកម្ពុជា ដើម្បីបង្កើន ផលិតភាពរបស់ក្រុមហ៊ុន។

សូម​បញ្ជាក់ថា​ ក្រុម​ហ៊ុន DENSO Cambodia គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ DENSO Corp​oration​ ដែល​មាន​មូល​ដ្ឋាន​នៅ​ជប៉ុន។

​ក្រុម​ហ៊ុន​នេះ ជា​ក្រុម​ហ៊ុន​ដែល​ផ្គត់​ផ្គង់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​និង​គ្រឿង​រថយន្ត​សកល​ ដោយ​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង២០០​ នៅលើ​ពិភព​លោក​ និង​មាន​ក្រុម​ហ៊ុន​ដៃគូ​នៅ ​ ៣៥ប្រទេស​។ ក្រុម​ហ៊ុន​នេះ ​បាន​ចុះ​បញ្ជី​វិនិ​យោគ​មាន​តម្លៃ ​១០​លាន​ដុល្លារ ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៣ នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)