Register Already an agent ? Login

ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ នឹងដាក់ឱ្យប្រើប្រាស់ផ្លូវការ ព្រឹកស្អែក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ពាននេះ នឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង ២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ  ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

សមិទ្ធផលថ្មី ដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលនឹងជួយ កាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ដើម្បីសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយគ្រាន់តែធ្វើឱ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាលបន្តិច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)