ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ថា មានយន្តការពិសេសដល់ជនបរទេស មានសិទ្ធជួលអចលនទ្រព្យនៅកម្ពុជា មានរយៈពេលយូរចាប់ពី១៥ ដល់ ៥០ឆ្នាំ និងមានសិទ្ធិបន្ត៥០ឆ្នាំទៀត។
ការប្រកាសបញ្ជាក់ខាងលើ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងពីទិដ្ឋភាពច្បាប់ថា រដ្ឋធម្មនុញ្ញកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនបានអនុញ្ញាតឱ្យជនបរទេស ទាំងជារូបវន្តបុគ្គល ទាំងជានីតិវិធីបុគ្គលអាចក្លាយជាកម្មសិទ្ធិ លើដីធ្លីនោះឡើយ ពោលគឺមានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរប៉ុណ្ណោះទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។
ចំពោះការដោះស្រាយបញ្ហាប្រឈមវិស័យអចលនទ្រព្យ បច្ចុប្បន្នក៏មិនទាមទារការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ។ បើតាមការបន្ត សម្ដេចធិបតី បន្ថែមថា បន្ទាប់ពីការធ្វើការសិក្សានិងត្រួតពិនិត្យឡើងវិញ នូវបទដ្ឋានគតិយុត្តដែលមានស្រាប់ កម្ពុជាក៏មានយន្ដការដែលបានផ្តល់សិទ្ធិឱ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យ ដែលមានសិទ្ធិស្ទើរតែដូចគ្នា ទៅនឹងសិទ្ធិកាន់កាប់កម្មសិទ្ធិករដែរ។
ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា តាមការសិក្សា មានយន្តការ៣ រួមមាន៖
ទី១-យន្ដការតាមរយៈតំណាងជាជនជាតិខ្មែរ តាមរយៈការអនុញ្ញាតឱ្យជនបរទេសអាចទិញដីបាន តាមរយៈតំណាងជនជាតិខ្មែរ ប៉ុន្តែនៅលើបណ្ណកម្មសិទ្ធិ ត្រូវដាក់ឈ្មោះអ្នកតំណាងជនជាតិខ្មែរ ដើម្បីការពារអ្នកវិនិយោគទាំងនោះ ពួកគេត្រូវតែមានកិច្ចសន្យា ជាមួយតំណាងរបស់ខ្លួន។
ទី២-យន្ដការតាមរយៈក្រុមហ៊ុនបរធនបាល យោងតាមច្បាប់ ស្តីពីបរធនបាលកិច្ច ឆ្នាំ២០១៩ ជនបរទេសអាចទិញដីនៅកម្ពុជាបាន តាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ច នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រឹមត្រូវគឺជនបរទេសអាចទិញទ្រព្យសម្បត្ដិ ដែលមានក្រុមហ៊ុនបរធនបាល ដើរតួរនាទីជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិនេះ តែក្រុមហ៊ុននោះគ្មានសិទ្ធិយកទៅលក់បន្តឡើយ ដរាបណាមិនមានការយល់ព្រម ពីជនបរទេសដែលជាម្ចាស់អចលនទ្រព្យ។
ទី-យន្ដការវិនិយោគតំបន់ទេសចរណ៍ពិសិដ្ឋ ដែលក្នុងនោះ ម្ចាស់តំបន់ដៃគូ ឬទេសចរណ៍ពិសិដ្ឋ អាចបានទទួលការលើកទឹកចិត្ត គឺ៖ អាចទទួលបានទិដ្ឋាការ ចេញចូលកម្ពុជាច្រើនដង ឬការលើកលែងទិដ្ឋាការ ឬស្នាក់នៅរយៈពេលយូរ ស្របតាមច្បាប់កំណត់ ឬអាចប្រើប្រាស់បណ្ណ អនុញ្ញាតចេញចូលពិសេសពីរាជរដ្ឋាភិបាល និងអាចទទួលបានសិទ្ធិកម្មសិទ្ធិ ឬសិទ្ធិប្រើប្រាស់អាស្រ័យផល លើអចលនទ្រព្យនៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ។
យន្ដការនេះ មិនមែនជាយន្តការថ្មីនោះទេ ដែលបទដ្ឋានគតិយុត្តកម្ពុជាមានស្រាប់រួចហើយ ប៉ុន្តែ មិនទាន់ត្រូវបានលើកមកពិភាក្សា និងរៀបចំយន្តការការអនុវត្ត ហើយសាធារណជនទូទៅ ក៏មិនសូវទាន់យល់ដឹងលើយន្តការនេះដែរ។ បើតាមការលើកឡើង សម្ដេចធិបតី ឱ្យដឹងថា ក្រោយពីមានការពិភាក្សាគ្នាច្រើន មុននឹងវេទិកាថ្ងៃនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានសម្រេចជំរុញការអនុវត្តយន្ដការមួយបន្ថែមទៀត គឺយន្ដការសិទ្ធិជួលរយៈពេលវែង បន្ថែមឱ្យយន្ដការទាំង៣ខាងលើ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)