Register Already an agent ? Login

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ១០ពាន់លានដុល្លារ កើនជិត៥% ១០ខែឆ្នាំ២០២៣

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន រយៈពេល ១០ខែ ឆ្នាំ២០២៣ សម្រេចបានជាង ១០ពាន់ដុល្លារ កើន៤,៦% បើធៀបនឹងគ្រាដូចឆ្នាំ២០២២ សម្រចបាន ៩,៦២​ពាន់​លាន​ដុល្លារ។ បើតាមរបាយការណ៍ នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

បើតាម ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ចិន ១,១៨​ពាន់​លាន​ដុល្លារ កើនឡើង ១៩,៣​ % ​ធៀបនឹង​ឆ្នាំ​២០២២ មានចំនួន ៩៨៧,៨៧លាន​ដុល្លារ និង​ទំនិញ ចិន​នាំមក​កម្ពុជា ៨,៨៩​ពាន់​លាន​ដុល្លារ កើន ២,៩% ​ដែលមានចំនួន ៨,៦៤​ពាន់​លាន​ដុល្លារ​។​

សូមរម្លឹកថា ក្នុង​ឆ្នាំ២០២២ ពាណិជ្ជកម្ម​ប្រទេសទាំងពីរ មាន​ទឹកប្រាក់​សរុប ១១,៦៩​ពាន់​លាន​ដុល្លារ កើន​ឡើង ៤,៤% បើធៀបនឹង​ឆ្នាំ២០២១ ក្នុងនោះ​ កម្ពុជា​នាំ​ទំនិញ​ទៅចិន ១,២៤​ពាន់​លាន​ដុល្លារ ថយចុះ ១៧,៩% និង​ទំនិញ​ចិន​នាំមក​កម្ពុជា​ចំនួន ១០,៤៥ពាន់​លាន​ដុល្លារ កើន ៧,៩%។

លោកស្រី ចុង ជី ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អម​ស្ថានទូត​ចិន​នៅ​កម្ពុជា បាន​សន្យា​នឹង​ខិតខំ​ណែនាំ​ឱ្យ​វិនិយោគិន​ចិន​ឱ្យមក​បណ្តាក់ទុន​កាន់តែច្រើន​បន្ថែមទៀត​នៅ​កម្ពុជា ​ នៅក្នុងជំនួបជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា កាលពីខែកញ្ញាកន្លងទៅនេះ។

លោកស្រី បានគូសបញ្ជាក់ថា នឹង​ខិតខំ​ណែនាំ​ឱ្យ​វិនិយោគិន​ចិន​ធ្វើការ​ឱ្យបាន​ស្អិតល្មួត​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សំដៅ​បណ្តាក់​ទុនវិនិយោគ​បន្ថែមទៀត​លើ​គ្រប់​វិស័យ​ដើម្បី​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​​។

​ជាការឆ្លើយតប លោក ​ជា វុទ្ធី សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​វិនិយោគ​កម្ពុជា​-​ចិន នឹង​សម្រេចបាន​ផ្លែផ្កា​ល្អ​បន្ថែមទៀត ខណៈ​កន្លងមក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម​ចិន ក៏មាន MoU លើ​បង្កើត​យន្តការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​សេដ្ឋកិច្ច​ផងដែរ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)