Register Already an agent ? Login

នៅឆ្នាំ២០២៥ ដីមិនប្រើប្រាស់លើស៥ហិកតាឡើងត្រូវកំណត់ឱ្យជាប់ពន្ធ ខណៈ ក្រោម៥ហិកតាមិនជាប់ពន្ធឡើយ

ភ្នំពេញ៖ ដីមិនប្រើប្រាស់ចាប់ពី ៥ហិកតាឡើង នឹងត្រូវកំណត់ឱ្យជាប់ពន្ធ ខណៈ ដីក្រោម ៥ហិកតា មិនជាប់កាតព្វកិច្ចបង់ពន្ធនោះទេ ពោលអនុវត្តកាតព្វកិច្ចនេះនឹងត្រូវអនុវត្តនៅឆ្នាំ២០២៥។ បើតាមការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។

នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលធ្វើឡើងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដីមិនប្រើប្រាស់ដែលតម្រូវឱ្យបង់ពន្ធ គឺគិតចាប់ពីទំហំ ៥ហិកតាឡើងទៅ ដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍សេដ្ឋកិច្ច។

គោលដៅនៃការដាក់កំណត់ពន្ធនេះ គឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេក ព្រោះរដ្ឋចង់ឱ្យទិញដីយកទៅធ្វើសកម្មភាព បង្កើតចំណូលផ្សេងៗ ជាជាងទិញទុកចោល។​ បើតាមការបន្តរបស់ សម្ដេចធិបតី។

សម្ដេចធិបតី បានថ្លែងថា ការកំណត់យកពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺមានគោលបំណង៤ រួមមាន៖ ទី១- ជាឧបរណ៍ទប់ស្កាត់ការទិញដីធំៗរាប់សិបហិកតាទុកចោលមិនប្រើប្រាស់ សម្រាប់លក់ដំឡើងថ្លៃកេងចំណេញ ដែលធ្វើឱ្យបាត់បង់ផលិតភាពនៃការប្រើប្រាស់ដី, ទី២-ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ, ទី៣- បង្កើតសកម្មភាពសេដ្ឋកិច្ច និងទី៤-ការប្រមូលចំណូលជាគុណប្រយោជន៍ដល់ថវិការាជរដ្ឋាភិបាលក្រោមជាតិ។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា កិច្ចការងារនេះកន្លងទៅ ធ្លាប់កាត់ទំហំ ១២០០ការ៉េ គិតថាជាប្រភេទលំនៅឋាន ក្រោយមកលុប ១២០០ការ៉េ គិតជាលុយ ១០០លានរៀលវិញ ប៉ុន្ដែពេលនេះកុំឱ្យពិបាកក្នុងការគិត គឺ៥ហិកតាចុះមិនគិតដីអត់ប្រើប្រាស់ទៀតទេ ព្រោះបើយើងគិត ៥ហិកតា អ្នកដែលមានលទ្ធភាពទិញដីលើស ៥ហិកតា ទុកអត់ធ្វើអីមានមិនច្រើនទេ អញ្ចឹងប្រជាពលរដ្ឋភាគច្រើន គឺអាចរួច។ ហើយចំពោះដីដែលលើស ៥ហិកតា យើងនៅមានលក្ខខណ្ឌមួយចំនួនទៀត ដើម្បីអនុគ្រោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ សម្រាប់ដីដែលមិនប្រើប្រាស់ មានទំហំចាប់ពី ៥ហិកតាឡើង រួចផុតពីកាតព្វកិច្ចបង់ពន្ធ ផ្ដល់នូវលក្ខខណ្ឌគឺ៖

-ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីដែលប្រើប្រាស់, -ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ, -ដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, - ដីដែលមានកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល,

-ដីសម្បទាសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍, -ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវ័ន្ដបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ តាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងតាមភាគីទាំងពីរ,

 -ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហ៍កម្ម ឬសេវាកម្ម, -ស្របតាមការស្នើសុំដោយក្រុមការងារផ្នែកអប់រំ (ដីដែលបានចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាស ក្នុងវិស័យអប់រំ សិក្សាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់គោលដៅបម្រើវិស័យដែលបានរៀបរាប់)។

សម្រាប់ពន្ធលើដីធ្លីមិន​ប្រើ​ប្រាស់ស្រប​តាមគោលការណ៍​ខាងលើ ​នឹងចាប់ផ្តើមអនុវត្ត ចាប់ពីដើម​ឆ្នាំ២០២៥តទៅ ពោលគឺក្នុងរយៈពេល១៣ខែ ជាអន្តរកាលជាពិសេសសម្រាប់អ្នក​ដែលមាន​ដីធំ លើសពី​ ៥ហិចតា ​ដើម្បីធ្វើការកែ​ប្រែដីធ្លីរបស់ខ្លួន។ បើតាមការបន្ថែមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)