Register Already an agent ? Login

រាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីមិនបង្កើតពន្ធមានស្រាប់ និងមិនមានការដំឡើងពន្ធដែរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ហើយក៏មិនមានការដំឡើងពន្ធនោះដែរ រាជរដ្ឋាភិបាលនៅអាណត្តិទី៧។

ការថ្លែងបញ្ជាក់ខាងលើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

កន្លង មករាជរដ្ឋាភិបាលអាណត្តិមុនៗ បានសម្រេចលុបចោលជាបន្តបន្ទាប់នូវប្រភេទពន្ធមួយចំនួនដូចជា ពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធតែមប្រីយ៍សារពើភណ្ឌ លើលិខិតរដ្ឋបាល លិខិតតុលាការនិង ឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្ត ដែលមានកម្លាំងដល់ ១៥០សេស និងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន។ បើតាមការលើកឡើងរបស់ ប្រមុខរាជរដ្ឋាភិបាល។

ប្រមុខរាជរដ្ឋាភិបាល បានបន្តទៀតថា ជាមួយគ្នានេះ ក៏មានការលើកលែងពន្ធមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិនេះ នឹងបន្តអនុវត្តជាគោលការណ៍គឺមិនយកពន្ធគឺ ទី១.ដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម ពន្ធអចលនទ្រព្យតម្លៃទាបជាង ១០០លានរៀល ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធលើអចលទ្រព្យ ពីឪពុកម្ដាយមកកូន យាយតាមកចៅ ប្រពន្ធនិងប្ដីសម្រាប់ឱ្យអំណោយតែមួយលើកនិងមរតក។

អាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារដ្ឋាន ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋរហូតដល់ចុងឆ្នាំ២០២៨ និងពន្ធលើបៀវត្សអប្បបរិមារបស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរិមារបស់កម្មករនិយោជិត ទាំងនេះគឺពន្ធដែលអាណត្តិមុនបានអនុវត្ត ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះក៏នៅតែបន្តអនុវត្ត។ បើតាមការបន្ថែមរបស់ សម្តេចធិបតី។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩នេះ គឺជាវេទិកាលើកដំបូងបន្ទាប់ពី ប្រទេសកម្ពុជាបានចាកផុតពីការរាតត្បាតដោយសារជំងឺកូវី៧-១៩ និងបន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើតនិងក្រោមមគ្គុទេសដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រី។

ការសម្រេចរៀបចំវេទិកាឡើងវិញនេះ សមស្របទៅនឹងបរិការណ៍ដែលកម្ពុជាកំពុងបន្តលើកកម្ពស់ និងជំរុញការកែលម្អបរិយាកាសធុរកិច្ច ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន ដើម្បីចូលរួមកសាងភាពធន់ន ខឿនសេដ្ឋកិច្ចជាតិ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា បន្ទាប់ពីកម្ពុជាបានយកឈ្នះទាំងស្រុងលើ សមរភូមិប្រយុទ្ធនឹងជំងឺកូវី-១៩ ព្រមទាំងបានស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយសុវត្ថិភាព និងភាពរឹងមាំ។

ខ្លឹមសារស្នូលនៃវេទិកា គឺការពិនិត្យរួមគ្នារវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន ទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក តាមរយៈវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៨ និងជាបន្តបន្ទាប់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)