Register Already an agent ? Login

អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុន Hangxaio Steel Structure នៅចិនឱ្យបង្កើតកំពង់ផែនិងការចិញ្ចឹមសត្វ

ចិន៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុន Hangxaio Steel Structure នៅចិនបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ។

ការស្នើរបស់ លោក វ៉ី សំណាង ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន រយៈពេល១សប្ដាហ៍ អំពីគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប នៅខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក បានបង្ហាញអំពីសក្ដានុពលសំខាន់ៗរបស់ខេត្តតាកែវទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure បច្ចុប្បន្នខេត្តតាកែវកំពុងតែកសាងព្រែកជីកហ្វូណតេជោ ដែលព្រែកជីកនេះនឹងក្លាយជាផ្លូវដឹកជញ្ជូនបន្ថែមនៅលើផ្លូវដឹកជញ្ជូនដែលខេត្តតាកែវមានស្រាប់ បន្ទាប់ពីផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវអាកាស និងផ្លូវដែក។

អភិបាលខេត្តតាកែវ បានលើកឡើងបន្តថា ដូច្នេះជាគំនិតរបស់ក្រុម Danong ចង់បង្កើតកំពង់ផែ ក្នុងនាមរដ្ឋបាលខេត្តតាកែវ បើចង់បង្កើតកំពង់ផែគួរតែបង្កើតកំពង់ផែនៅខេត្តតាកែវ ហើយណាមួយព្រែកជីកនេះក៏មានការរួមចំណែកពីរដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវ ៥៧គីឡូម៉ែត្រ ការបង្កើតជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវជាចំណុចកណ្តាលមួយ រោងចក្រសហគ្រិនយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។ល។

ផ្ទៃដីសម្រាប់បង្កបង្កើនផលសម្រាប់វិស័យកសិកម្មមានជាង ២២ម៉ឺនហិកតា ជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី ៤តោន ទៅ៨តោន ក្នុង១ហិកតា ណាមួយយើងផលិតបានហើយ ប៉ុន្តែពុំមានកំពង់ផែសម្រាប់ដឹកក៏ជាផលវិបាកមួយផងដែរ។ ជាការលើកឡើងបន្តលោក វ៉ី សំណាង បានគូសបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនចិនដែលមានបំណងចង់វិនិយោគបណ្តាក់ទុនបង្កើតកំពង់ផែ និងវិស័យកសិកម្មចិញ្ចឹមសត្វនោះ ខេត្តតាកែវជាខេត្តមួយដែលមានសក្ដានុពល និងជាខេត្តដែលសាកសមបំផុតសម្រាប់វិនិយោគ។

នាឱកាសនោះ លោក ក៏បានបង្ហាញអំពីតំបន់ទេសភាពបឹងព្រែកល្ពៅ ដែលជាតំបន់ធម្មជាតិយ៉ាងស្រស់ស្អាតរបស់ខេត្តតាកែវ ដែលមានទីតាំងនៅស្រុកបូរីជលសារផងដែរ។

បើតាម ក្រុមហ៊ុន Hangxaio Steel Structure បានយល់ព្រមតាមការស្នើសុំរបស់ភាគីខេត្តតាកែវ ប៉ុន្តែទាល់តែតំណាងក្រុមហ៊ុន Hangxaio ចុះមកទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្នុងខេត្តតាកែវ ពិសេសតំបន់ដែលឯកឧត្តមអភិបាលខេត្តស្នើសុំវិនិយោគ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)