Register Already an agent ? Login

ឡាវ ស្នើកម្ពុជា ពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កែលម្អច្រករបៀងដឹកជញ្ជូន

ភ្នំពេញ៖ រដ្ឋមន្រ្តី ដឹកជញ្ជូនឡាវ បានស្នើឱ្យភាគីកម្ពុជា ពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន និងបង្កើនរំហូរទំនិញ-ទេសចរណ៍-សេវា រវាងប្រទេសពីរ។

ការស្នើខាងលើរបស់ លោក Ngampasong Muongmany រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ នៅក្នុងនួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។

នៅក្នុងជំនួបទ្វេភាគីនេះ លោក Muongmany បានគូសបញ្ជាក់ថា ការភ្ជាប់នេះ ដើម្បីឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគីឡាវ លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោក ប៉េង ពោធិ៍នា បានបន្តថា ការតភ្ជាប់នេះ គឺស្របទៅតាមផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបបានអនុម័តកាលពីពេលថ្មីៗនេះផងដែរ។

នាជំនួបនេះ រដ្ឋមន្រ្តីទាំងពីររូប បានឯកភាពគ្នាបង្កលក្ខណៈងាយស្រួលទៅវិញទៅមកដើម្បីបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការអនុវត្តគម្រោងនានាដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជូនប្រជាពលរដ្ឋប្រទេសទាំងពីរ។

សូមបញ្ជាក់ថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩ និង កិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្លួងព្រះបាង ប្រទែសឡាវ ចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ (១) ពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ ២០២៣ និងកំណត់ទិសដៅ, គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៤, និង (២) ពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និង អនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៤ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, និងអាស៊ាន-កូរ៉េ។

កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនរួមមាន៖ (១) ការដឹកជញ្ជូនផ្លូវគោក (២) ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រការ (៣) ការដឹកជញ្ជូនផ្លូវអាកាស (៤) កិច្ចសម្របសម្រួលការដឹកជញ្ជូន និង (៥) ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

ក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ស្តីពីការអភិវឌ្ឍលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅប្រទេសកម្ពុជា ដែលការអភិវឌ្ឍនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង និងការតភ្ជាប់របស់ប្រទេសកម្ពុជានៅក្នុងក្របខណ្ឌតំបន់ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)