Register Already an agent ? Login

ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានជាង ១៨,៥ពាន់លានដុល្លារ ១០ខែឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសសំខាន់ចំនួន២០ សម្រេចបានទឹកប្រាក់ ១៨,៥ពាន់លានដុល្លរ រយៈពេល ១០ខែ ឆ្នាំ២០២៣។ បើតាមទិន្នន័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាមេរិកជាទីផ្សារធំ ដែលការនាំចេញសម្រេចបានប្រមាណ ៧,៤ពាន់លានដុល្លារ មានការថយចុះ ១,៥% បើធៀបឆ្នាំ២០២២ មានចំនួន ៧,ពាន់លានដុល្លារ។

នៅក្នុងទិន្នន័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបន្តថា ការនាំចេញរបស់កម្ពុជា ទៅវៀតណាម បានឈរនៅ លេខរៀងទី២ សម្រេចប្រមាណ ២,២ពាន់លានដុល្លារ កើន​ជិត ៤០% បើធៀបនឹងឆ្នាំ២០២២ មានចំនួន ១,៦ពាន់លានដុល្លារ។ ខណៈ ចិនឈរលេខរៀងទី៣ ដែលកម្ពុជានាំចូលទំនិញសម្រេចបាន ១,១៧ពាន់លានដុល្លារ កើនជិត ២០% ធៀបនឹងឆ្នាំ២០២២ មានចំនួន ៩៩៧លានដុល្លារ។

ទំនិញដែលកម្ពុជា នាំចេញមានដូចជា៖ សម្លៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ធុញ្ញជាតិ វត្ថុធ្វើអំពីស្បែក បរិក្ខារធ្វើអំពីរោមសត្វ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ គ្រឿងសង្ហារឹម វត្ថុធាតុប្លាស្ទិក និងវត្ថុធាតុធ្វើពីប្លាស្ទិក អាលុយមីញ៉ូម និងវត្ថុធាតុធ្វើពីអាលុយមីញ៉ូម។ បើតាមការឱ្យដឹងនៅក្នុងទិន្នន័យដដែល។

គូសបញ្ជាក់ថា តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន (CCFTA) បានធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ខណៈកិច្ចព្រម​ព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ក៏​បានជំរុញទំហំនៃការនាំចេញ របស់កម្ពុជាទៅកូរ៉េ​ ​នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ធ្វើដំណើរជាដើម ត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។

សូមរម្លឹកផងដែថា កាលពីឆ្នាំ២០២២ កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួនទឹកប្រាក់ ២២,៤៨២,៩៣៧លាន​ដុល្លារ កើនឡើង ១៦,៤% និង​ទំនិញ​ដែល​កម្ពុជា​នាំចូល ​ពី​ទីផ្សារ​អន្តរជាតិមានចំនួន ២៩,៩៤១,៦០លាន​ដុល្លារ កើន  ៤,៣​%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)