Register Already an agent ? Login

ចំណូលរបស់រដ្ឋបាលថ្នាក់ជាតិសម្រេចបានជិត ២ពាន់ប៊ីលានរៀល ស្មើនឹង ៦,៨៦% ៩ខែឆ្នាំ២០២៣

ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិ សម្រេចបាន ១៩១០៧ប៊ីលានរៀល ស្មើនឹង ៧២,៨៣%នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​ប្រចាំខែ​កញ្ញា ឆ្នាំ​ ២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅក្នុងរបាយការណ៍ខាងលើ បានបន្តឱ្យដឹងថា ក្នុងនោះ ចំណូលពន្ធ ១៦២៥១ប៊ីលានរៀល ស្មើនឹង ៨៥,០៦% នៃចំណូលសរុប, អំណោយ ១ ០០៩ប៊ីលានរៀល ស្មើនឹង ៥,២៨% នៃចំណូលសរុប, និងចំណូលផ្សេងៗ ១៨៤៦ ប៊ីលានរៀល ស្មើនឹង ៥,៦៦% នៃចំណូលសរុប។

ដោយឡែក បើធៀបនឹងរយៈពេល ៩ខែ ដូចគ្នាឆ្នាំ២០២២ ការអនុវត្តចំណូល ថយចុះ ៣% ក្នុងនោះ ចំណូលពន្ធ ថយចុះ ៣,៧២%, អំណោយ ថយចុះ ២១,០១% រីឯចំណូលផ្សេងៗ កើនឡើង ១៩,៨៣%។

សម្រាប់ក្នុងខែកញ្ញា ឆ្នាំ២០២៣ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិសម្រេចបាន ១ ៨០១ប៊ីលានរៀល ស្មើនឹង ៦,៨៦% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្នុងនោះ ចំណូលពន្ធ ១៥១៤ប៊ីលានរៀលអំណោយ ១០៩ប៊ីលានរៀល, និង ចំណូលផ្សេងៗ ១៧៧ប៊ីលានរៀល។ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងខែកញ្ញា ឆ្នាំ២០២២ ការអនុវត្តចំណូល ថយចុះ ១១,២៨% ក្នុងនោះ ចំណូលពន្ធ ថយចុះ ១២,១៩%, អំណោយ ថយចុះ ១១,៨៩%, និងចំណូលផ្សេងៗ ថយចុះ ២,២២%។

របាយការណ៍​ឱ្យដឹងទៀតថា ទន្ទឹមនឹង​ការអនុវត្ត​ចំណូល​ខាងលើ ការចំណាយសរុប (Expenditure) ក្នុងខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ជាតិ ចំនួន ២ ០៤១ប៊ីលានរៀល ស្មើនឹង ៦,២១% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្នុងនោះ ចំណាយ (expense) ១ ៦០៥លានរៀល និង ចំណាយវិនិយោគលើទ្រព្យមិនមែនហិរញ្ញវត្ថុ ៤៣៧ប៊ីលានរៀល។ បើធៀបនឹងខែកញ្ញា ឆ្នាំ២០២២ ចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិ ថយចុះ ៧,៦៣% ក្នុងនោះ អំណោយ កើនឡើង ៣០, ៣៣% និងចំណាយវិនិយោគលើទ្រព្យមិនមែនហិរញ្ញវត្ថុ ថយចុះ ៥៥,៤០%។

ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៣ ចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិចំនួន ២០៨២៣ប៊ីលានរៀល ស្មើនឹង ៦៣, ៣១% នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្នុងនោះចំណាយ ១៥ ១៤២ប៊ីលានរៀល ស្មើនឹង ៧២,៧២% នៃចំណាយសរុប, និង ចំណាយវិនិយោគលើទ្រព្យមិនមែនហិរញ្ញវត្ថុ ៥ ២៤៦ប៊ីលានរៀល ស្មើនឹង ២៧,២៨% នៃចំណាយសរុប។ បើធៀបនឹងរយៈពេល ៩ខែ ដូចគ្នាឆ្នាំ២០២២ ចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិ កើនឡើង ១៤,០៣% ក្នុងនោះ ចំណាយ កើនឡើង ១៥,៥៧%, និងចំណាយ វិនិយោគលើទ្រព្យមិនមែនហិរញ្ញវត្ថុ កើនឡើង ១០,១១%។

ផ្នែកតាមលទ្ធផលចំណូល ចំណាយខាងលើ, ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ជាតិក្នុងខែកញ្ញា ឆ្នាំ២០២៣មានឱនភាព ២៤១ប៊ីលានរៀល។ ជាមួយគ្នានេះការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ជាតិក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៣ ក៏មានឱនភាព ១ ៧១៧ ប៊ីលានរៀល ខណៈដែលការអនុវត្តរយៈពេល ៩ខែ ដើមឆ្នាំ២០២២ មានអតិរេក ១ ៤៣៦ប៊ីលានរៀល។

រយៈពេល ៩ខែ ដើមឆ្នាំ២០២៣ ការអនុវត្តចំណូលយឺត គួបផ្សំនឹងការអនុវត្តចំណាយលឿន បានធ្វើឱ្យថវិកាមានឱនភាព ប្រមាណ ២៤១ប៊ីលានរៀល ប៉ុន្តែ ឱនភាពនេះស្ថិតក្នុងកម្រិតមួយទាប ពោលគឺស្មើនឹង ២៥,៨៤% នៃឱនភាពថវិកាប្រចាំឆ្នាំដែលបានគ្រោង។

ឱនភាពថវិការយៈពេល ៩ខែដើមឆ្នាំ២០២៣នេះ បានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងបំណុលប្រមាណ ៣ ២៩០ប៊ីលានរៀល និងការកើនឡើងទ្រព្យសកម្មរញ្ញវត្ថុប្រមាណ ១ ៥៧៤លានរៀល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)