ភ្នំពេញ៖ ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករដ្ឋបាលសារពើពន្ធកម្ពុជា ចាប់ផ្តើមទទួលបានចំណូលពន្ធប្រមាណ ៦លានដុល្លារ ក្នុងមួយខែ។ បើតាមការលើកឡើងរបស់ លោក អ៊ុំ សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។
ការលើកឡើងបែបនេះរបស់ លោក អ៊ុំ សីហា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥២ របស់ក្រុមសិក្សាស្ដីពីរដ្ឋបាលសារពើពន្ធអាស៊ីនិងការស្រាវជ្រាវ (SGATAR) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទសថៃ។
នៅក្នុងកិច្ចប្រជុំកម្រិតប្រធានគណៈប្រតិភូ (Head of Delegation) លោក អ៊ុំ សីហា បានចូលរួមជាវាគ្មិន ចែករំលែកអំពី “ការអនុវត្តពន្ធប្រយោល (អាករលើតម្លៃបន្ថែម) ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា”។
សម្រាប់កម្ពុជា រដ្ឋបាលសារពើពន្ធបានចាប់ផ្ដើមបង្កើតក្រុមការងារសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់និងលិខិតបទដ្ឋាន គតិយុត្តចាប់ពីឆ្នាំ២០១៧ ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានចាប់ផ្ដើមអនុវត្តជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២២។ បើតាមការគូសបញ្ជាក់របស់ លោក អ៊ុំ សីហា។
លោក បានបន្តថា ដោយស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ ជាលទ្ធផលនៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រដ្ឋបាលសារពើពន្ធ កម្ពុជាចាប់ផ្តើមទទួលបានចំណូលពន្ធប្រមាណ ៦លានដុល្លារ ក្នុងមួយខែ។
ជាមួយគ្នានេះ លោក អ៊ុំ សីហា ក៏បានលើកឡើងផងដែរអំពីទិសដៅបន្តក្នុងការអនុវត្តអាករលើតម្លៃបន្ថែមចំពោះ ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន៖ ទី១.បន្តពង្រឹងការប្រមូលទិន្នន័យពីគ្រប់ប្រភពដើម្បីជំរុញ ដល់ការចុះបញ្ជីរបស់អ្នកជាប់ពន្ធអនិវាសនជន, ទី២.បន្តពង្រឹងការផ្តល់សេវាកម្មជូនអ្នកជាប់ពន្ធ, ទី៣.បន្តផ្សព្វផ្សាយ កាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់អាករ, ទី៤.បន្តពង្រឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីផ្តល់ភាពងាយស្រួលដល់ អ្នកជាប់ពន្ធ និងទី៥ បន្តពង្រឹងយន្តការសវនកម្ម។
គូសបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ សរុបចំនួន ១៦៣ រូប មកពីបណ្តារដ្ឋបាលសារពើពន្ធជាសមាជិក SGATAR ចំនួន១៨ ដែលក្នុងនោះមានរដ្ឋបាលសារពើពន្ធថៃ ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ុងហ្គោលី ណូវែលសេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ វៀតណាម ឡាវ ចិន ហុងកុង និងម៉ាកាវ ដោយបានចូលរួមផ្ទាល់។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអ្នកអង្កេតការណ៍និងវាគ្មិនសំខាន់ៗ មកពីស្ថាប័នអន្តរជាតិចំនួន ៩ រួមមាន Asia Initiatives (AI) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សមាគមទីប្រឹក្សាពន្ធដារអាស៊ីអូសអានី (AOTCA) Belt and Road Initiative Tax Administration Cooperation Mechanism (BRITACOM) Global Forum on Transparency and Exchange of Information for Tax Purposes (Global Forum) International Bureau of Fiscal Development (IBFD) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) Organization for Economic Cooperation and Development (OECD) និងធនាគារពិភពលោក (WB)។
ជាលទ្ធផលកិច្ចប្រជុំ បានបោះឆ្នោតគាំទ្ររដ្ឋបាលសារពើពន្ធកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៣ របស់SGATAR ក្នុងឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅកូរ៉េខាងត្បូង និងរដ្ឋបាលសារពើពន្ធអូស្ត្រាលី ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០២៥៕
ដោយ៖ មឿន ឌីណា (Moeun Dyna)