ភ្នំពេញ៖ ចិន បានផ្ដល់ឥណទានសម្បទាន និងជំនួយឥតសំណង លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។ ក្នុងនោះ មានផ្លូវធ្វើរួច៣១ខ្សែ ប្រវែងសរុប ៣.០៧៧,៥០គីឡូម៉ែត្រ ខណៈ ៦ខែ្សទៀត កំពុងតែដំណើរ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឱ្យដឹងថា បច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧,៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ។
នៅក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា គម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៦៧៥.៨៧លានដុល្លារ។
លោក បានបន្តទៀតថា ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។
ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។ បើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល បានបន្តទៀតថា ក្រៅពីផ្លូវថ្នល់ និងស្ពាននេះ ក៏មានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលបានពីរដ្ឋាភិបាលចិន តាមរយៈគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ(BRI) នៃគំនិតផ្តួចផ្តើមប្រធានាធិបតីចិន ស៊ី ជីនពីងផងដែរ។ គម្រោង BRI បានជួយកម្ពុជាច្រើន ក៏ដូចប្រទេសនានា ដែលជាសមាជិក BRI ក្នុងការកសាងប្រទេសជាតិ។
អនុប្រធានទី១ CDC លោក ស៊ុន ចាន់ថុល បានលើកឡើងថា វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA)រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចិន។ លោក ក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើន ដើម្បីបញ្ចប់សិក្សា សមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។
បន្ថែមពីនេះ គម្រោងសំខាន់ៗផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយដែល អនុប្រធានទី១ CDC បានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សា ម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផល។
នាឱកាសនោះ លោក ស៊ុន ចាន់ ថុល លើកឡើងបន្តថា អាស្រ័យលើភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងដៃគូទាំងពីរ សំណូមពរដល់ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិត្តប្រចាំកម្ពុជា មេត្តាជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បី ជួសជុលផ្លូវជាតិលេខ៣ កំណាត់កំពត-វាលរិញ ប្រវែងប្រមាណ ២០គីឡូម៉ែត្រ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា បើយោងតាមសន្និធិបំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាជំពាក់បំណុលបរទេសចំនួន ១០,៦៧ពាន់លានដុល្លារ។
រហូតដល់ដំណាច់ឆ្នាំ២០២៣ បំណុលក្រៅបរទេសរបស់កម្ពុជាកើនដល់ ១១,១៩ពាន់លានដុល្លារ។
ទិន្និន័យ ដដែលបានបង្ហាញថា ប្រទេសដែលកម្ពុជាជាប់បំណុលច្រើនជាងនោះ គឺចិនមានជាង ៤ ០០០លានដុល្លារ៕
ដោ៖ មឿន ឌីណា (Moeun Dyna)