ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងថា ពី៥ ទៅ១០ឆ្នាំខាងមុខទៀត ខេត្តព្រះសីហនុ ប្រែក្លាយទៅជាខេត្ត ដែលប្រជាពលរដ្ឋមានចំណូលខ្ពស់។
ការបង្ហាញក្ដីរំពឹងខាងលើ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១៥,១៩៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ៣០រោងចក្រ ស្ថិតក្នុង តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី មានទីតាំងស្ថិតនៅ ភូមិត្រពាំងគោ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
«ដរាបណាបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ខេត្តព្រះសីហនុ នឹងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើន។» បើតាមការគូសបញ្ជាក់របស់ សម្តេចធិបតី បានបន្តថា ធម្មជាតិខេត្តព្រះសីហនុល្អខ្លាំងណាស់ ប្រៀបដូចជាគ្រាប់ពេជ្រ តែត្រូវមានការកែច្នៃ ដើម្បីបានជាប្រយោជន៍បានច្រើនទៀត។
ប្រមុខរាជរដ្ឋាភិបាល បានបន្តទៀតថា ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ ត្រូវទាមទារចាំបាច់នូវ កត្តាសុខសន្ត្តិភាព បើមានសង្គ្រាមគ្មានឱកាសកែប្រែធម្មជាតិទៅជាសក្តានុពលនោះឡើយ ជាពិសេសគោលនយោបាយច្បាស់លាស់ថែមទៀត។
រាជរដ្ឋាភិបាល កំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ប៉ុន្តែ មិនយកខេត្តជាប់សមុទ្រដទៃនោះ មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។ បើតាមការបន្ថែមរបស់ សម្ដេចធិបតី ដោយបានហាមមិនឱ្យខេត្តសមុទ្រទាំងនោះប្រកួតប្រជែងគ្នាឯងទេ តែត្រូវមានគោលដៅរួមមួយ ក្នុងការអភិវឌ្ឍសក្ដានុពលក្នុងតំបន់រៀងខ្លួន ទៅប្រកួតជាមួយប្រទេសជិតខាងវិញ។
ខេត្តព្រះសីហនុមួយ បើអភិវឌ្ឍន៍បានត្រឹមត្រូវ គឺចិញ្ចឹមច្រើនណាស់ ចិញ្ចឹមសេដ្ឋកិច្ចជាតិ ហើយខេត្តនៅជុំវិញនេះ គឺបានផលច្រើនណាស់ ព្រោះសក្ដានុពលនៅមួយកន្លែង តែផលចែកចាយ។ នេះបើតាមការបន្ថែមទៀតរបស់ ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ តាមរយៈការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ផ្សារភ្ជាប់ជាមួយគម្រោងព្រែកជីកតេជោសែន។
ជាមួយគ្នានេះ ក្រៅពីកំពង់ផែខេត្តព្រះសីហនុនេះ កំពង់ផែក្នុងខេត្តសមុទ្រផ្សេងទៀតដូចជា៖ កំពត និងកោះកុងជាដើម ក៏ត្រូវអភិវឌ្ឍន៍ដែរ។ បើតាមសម្ដេចធិបតី ក៏បានប្រគល់ភារកិច្ចនេះជូន ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុកប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតគូរពីការអភិវឌ្ឍន៍ផែនៅខេត្តជាប់សមុទ្រមួយនេះ។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី មានផ្ទៃដីប្រមាណ ១៣០ហិកតា ចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៩ ជាមួយទុនវិនិយោគជាង ២៤៥លានដុល្លារអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេសនេះ វិនិយោគដោយលោក ជូ ចាងជីង ជនជាតិចិន។ តំបន់សេដ្ឋកិច្ចពិសេសចេជាង មានរោងចក្រ សហគ្រាសចំនួន២៤ មានកម្មករ និយោជិតសរុបប្រមាណ ៨,០៨៥នាក់។
ផលិតផលដែលផលិតនៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានដូចជាអាវសម្រាប់សត្វចិញ្ចឹម និងប្រឡៅ ស្រោមសាឡុង សម្លៀកបំពាក់ពេទ្យ និងបរិក្ខារពេទ្យ ថ្មម៉ាប គ្រឿងសង្ហារិម សាឡុង តុទូផ្ទះបាយ ថង់ប្លាស្ទិក សំបកកេសកាតុង ចំណីសត្វចិញ្ចឹម អេប៉ុង កែច្នៃស្បែកសម្រាប់ផលិតជាចំណីសត្វចិញ្ចឹម និងសម្ភារៈការិយាល័យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)