ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលបានភ្ញៀវបរទេសសរុបសរុប ៣,៩២៦,៨៨២នាក់ កើន ២១០,២% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ១,២៦៥,៧៧២នាក់។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។
នៅក្នុងរបាយការណ៍ខាងលើ បានបន្តឱ្យដឹងថា ភ្ញៀវបរទេសភាគច្រើនមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសឡាវ មានសរុប ២,៧២៦,៧៨៧នាក់ ដែលស្មើនឹង ៦៩,៤៤% នៃចំនួនភ្ញៀវបរទេសសរុប។
ក្នុងនោះ ថៃ មានចំនួន ១,៣៣៩,៥៤០នាក់ (ស្មើ ៣៤,១% នៃចំនួនភ្ញៀវបរទេសសរុប) កើនឡើង ១៨៩,៥%, វៀតណាម ៧៣០,០៧៥នាក់ ១៨,៦% កើន ១៥៦%, ចិន ៤០៥,៥១៤នាក់ ១០,៣% កើន ៥៤៩,៦%, និងប្រទេសឡាវ ២៥១,៦៥៨នាក់ ៦,៤% កើន ៥៤៨,៩%។
បើតាមរបាយការណ៍ ដដែលបានបន្ថែមថា ភ្ញៀវមកពីប្រទេសសំខាន់ៗផ្សេងទៀតរួមមាន៖ អាមេរិក ១២៩,០៦៨នាក់ ៣,៦% កើន ១៥៩,២%, កូរ៉េ ១២៥,៧៣២នាក់ ៣,២% កើន ២៤៥,៤%, ឥណ្ឌូនេស៊ី ៩៣,១៦៦នាក់ ២,៤% កើន ៨៦,៧%, បារាំង ៧៣,៦៣២នាក់ ១,៩% កើន ១៣៦,៣%, រុស្ស៊ី ៦៨,៤៦៩នាក់ ១,៧% កើន ៣៦១,១% និងចក្រភពអង់គ្លេស ៦៨,២២៩នាក់ ១,៧% កើនចំនួន ២០៣,៦%។
សូមរម្លឹកថា កាលពីឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណជិត ២,២៨លាននាក់ កើន ១ ០៥៩% ធៀបឆ្នាំ ២០២១។ ភ្ញៀវមកពីប្រទេសថៃ វៀតណាម ឡាវ និងចិន ក្នុងឆ្នាំ២០២២ មានចំនួនសរុប ១ ៥១៦ ៨៥៥នាក់ ស្មើនឹង ៦៦,៦២% នៃចំនួនភ្ញៀវបរទេសសរុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)