Register Already an agent ? Login

ក្នុងខែ១០ ឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគ ៣១គម្រោង ទុនវិនិយោគជាង ១៨០លានដុល្លារ

ភ្នំពេញ៖ នៅក្នុងខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៣១គម្រោង ដែលមានទុនវិនិយោគជាង ១៨០លានដុល្លារ បង្កើតការងារជាង ៣២,០០០កន្លែង។

គម្រោងវិនិយោគទាំង ៣១នេះ ស្ថិតក្នុងរាជធានី ខេត្តចំនួន៧ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពុងស្ពឺ បន្ទាយមានជ័យ តាកែវ ស្វាយរៀង និងកណ្តាល។ ក្នុងនោះខេត្តកំពង់ស្ពឺ មានគម្រោងវិនិយោគបង្កើតរោងចក្រច្រើនជាងគេដែលមានចំនួន ១២គម្រោង បន្ទាប់មក ខេត្តព្រះសីហនុ មាន ៤គម្រោង។

ក្នុងចំណោមគម្រោងវិនិយោគចំនួនទាំង៣១នេះ មាន៦គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ស្វាយរៀង និងបន្ទាយមានជ័យ។

យោងតាម CDC គម្រាងទាំង៣១ មានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង កម្រាល បោកគក់ ផលិតចំណីសត្វ អំពូលភ្លើង ថ្នាំលាបពណ៌ កាបូប គ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ តម្រងម៉ាស៊ីនបន្សុទ្ធខ្សល់និងទឹក ស្លនិងកែច្នៃលោហៈធាតុ ផលិតផលធ្វើអំពីកាកាវ និងផលិតសម្ភារៈវេចខ្ចប់។

ក្រៅពីនេះ មានគម្រោងបង្កើតអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ផលិតគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក (Acrylic) និងគ្រីស្តាល់ (Crystal) ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ផលិតគ្រឿងបន្សំបន្ទះសូឡា ខ្សែបូ ខ្សែពួរ ខ្សែសុវត្ថិភាព និងខ្សែក្រវាត់ការពារសុវត្ថិភាពសម្រាប់សត្វចិញ្ចឹម សម្ភារៈធ្វើដំណើរ កៅអី តង់ សម្ភារៈក្នុងឡាន សម្ភារៈសត្វចិញ្ចឹម ផលិតស្រោមជើង គ្រឿងសង្ហារិមក្រៅផ្ទះ និងផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត។

របាយការណ៍ CDC បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានទំហំវិនិយោគប្រមាណជិត ៤ពាន់លានដុល្លារ ក្នុងនោះទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)