ភ្នំពេញ៖ ចំណាយក្រៅបន្ទុកបុគ្គលិក ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានគ្រោងថវិកាចំនួន ១៣ ៥៥០ ៨៧១លានរៀល (៣,២៧៧.៣៩លានដុល្លារ) សមាមាត្រស្មើនឹង ៥៦,៩% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ, ត្រូវជា ៩,៤៨% នៃ ផ.ស.ស., គឺកើនឡើង ២០,១% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
ការគ្រោងកើនឡើងនេះ គឺដើម្បីបំពេញសេចក្តីត្រូវការចាំបាច់របស់ក្រសួង-ស្ថាប័នក្នុងការអនុវត្ត ការងារអាទិភាពរបស់ខ្លួន និងការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល, ជាពិសេសផ្តោតលើការគាំទ្រកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖
១-ការពង្រីក សេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល
២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស;
៣-ការធ្វើ ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន
៤-ការអនុវត្តយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ;
៥-យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និង
៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេស កសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។
លើសពីនេះ ថវិកាក៏ត្រូវបានវិភាជសម្រាប់ការអនុវត្តវិធានការគន្លឹះសម្រាប់ដោះស្រាយបញ្ហាប្រឈមជាអាទិភាព រួមមាន៖ ការពង្រឹង សមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ព្រមទាំងការពង្រឹង និងលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
ចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវបានវិភាជន៍តាមវិស័យ គ្របដណ្តប់លើក្រសួងស្ថាប័នទាំង ៣៩ ហើយនៅ កម្រិតក្រសួង-ស្ថាប័ននីមួយៗវិញ ត្រូវបានធ្វើការវិភាជបន្តទៅតាមកម្មវិធី អនុកម្មវិធី រហូតដល់ចង្កោមសកម្មភាព តាមរយៈការឆ្លុះបញ្ចាំងយ៉ាងលម្អិតទៅតាមមាតិកាសេដ្ឋកិច្ចនៃចំណាត់ថ្នាក់ថវិកា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)