ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានត្រៀមថវិកាចំណាយ ៧៨០,៥លានដុល្លារ ដើម្បីគាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះ ចំនួន៥។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ រួមមាន៖
១-ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល ត្រូវបានផ្ដល់ថវិកា សរុបចំនួន ៣៤០,៤ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៨៣លានដុល្លារ
២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យនៅទូទាំងប្រទេស ត្រូវបានផ្ដល់ថវិកាសរុបចំនួន ១៤៦,៦ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៦លានដុល្លារ
៣-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាររងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន ត្រូវបាន គ្រោងថវិកាចំនួន ៦៧៤,៥ ប៊ីលានរៀល, សមមូលនឹងប្រមាណ ១៦៥លានដុល្លារ
៤-ការអនុវត្តយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុង ប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ ក្នុងករណីមានតម្រូវការថវិកាចាំបាច់ សម្រាប់កម្មវិធីនេះ, រាជរដ្ឋាភិបាលអាច ពិនិត្យប្រើពីកញ្ចប់ថវិកា ក្នុងទំហំប្រមាណ ៤១០ប៊ីលានរៀល, សមមូល នឹងប្រមាណ ១០០ លានដុល្លារ ដែលត្រូវបានត្រៀមសម្រាប់គោលនយោបាយថ្មី
៥-យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សា លំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ត្រូវបានគ្រោងថវិកាចំនួន ៤១០ប៊ីលានរៀល សមមូលនឹងប្រមាណ ១០០ លានដុល្លារ និង
៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផល កសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិកម្មនៅតាមទីជនបទ ត្រូវបានគ្រោងថវិកាចំនួន ១៦,៩ប៊ីលានរៀល សមមូលនឹងប្រមាណ ៤លានដុល្លារ។
ការអនុវត្តវិធានការគន្លឹះចំនួន ៥ រួមមាន៖
១-ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និង សមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន ត្រូវបានត្រៀមថវិកាចំនួន ៤៩២ប៊ីលានរៀល សមមូលនឹងប្រមាណ ១២០លានដុល្លារ
២-ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់ មត្តេយ្យ ដល់មធ្យមសិក្សា ត្រូវបានគ្រោងថវិកាចំនួន ៤១៩ប៊ីលានរៀល សមមូលនឹងប្រមាណ ១០២លានដុល្លារ
៣-ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវា សុខភាពបឋមនៅមូលដ្ឋាន ត្រូវបានគ្រោងថវិកាចំនួន ២៤១ប៊ីលានរៀល សមមូលនឹងប្រមាណ ៥៩លានដុល្លារ
៤-ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយផ្តោតការយកចិត្ត
ទុកដាក់ ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ ការជួញដូរ និង ប្រើប្រាស់គ្រឿងញៀននៅសហគមន៍ ត្រូវបានគ្រោងថវិកាចំនួន ៣៨,១ប៊ីលានរៀល សមមូលនឹងប្រមាណ ៩លានដុល្លារ
និង ៥-ការបន្តពង្រឹងនិងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ត្រូវបានគ្រោងថវិកា ចំនួន ១០,៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ២,៥លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)